សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីការបោះជំហានថ្មីៗមួយចំនួនដើម្បីជំរុញការគាំទ្រអ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថា ជម្រើសបញ្ជូនកងទ័ពលោកខាងលិចទៅជួយអ៊ុយក្រែន មិនអាចត្រូវបានច្រានចោលឡើយ ដើម្បីសម្រេចគោលដៅរបស់អឺរ៉ុប ក្នុងការយកឈ្នះទីក្រុងមូស្គូ។
លោក Macron ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំមួយជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាគ្នាពីសង្រ្គាមនៅអ៊ុយក្រែន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបារាំងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមានការជឿជាក់ថា ការយកឈ្នះរុស្ស៉ីគឺជារឿងសំខាន់មិនអាចខ្វះបាន ដើម្បីសន្តិសុខ និងស្ថិរភាពក្នុងតំបន់ អឺរ៉ុប»។ លោកបន្ថែមថា «ជាការណ៍ពិតណាស់ មិនមានកុងសង់ស៊ីសចំពោះការការបញ្ជូនកងទ័ពថ្មើរជើងលោកខាងលិចទៅកាន់អ៊ុយក្រែនដោយផ្ទាល់ក៏ពិតមែន តែក៏គ្មានជម្រើសណាមួយត្រូវបានច្រានចោលនោះដែរ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាឱ្យបានថារុស្ស៉ីមិនអាចឈ្នះនៅក្នុងសង្រ្គាមនេះជាដាច់ខាត»។
លោក Macron មិនបានបញ្ជាក់លម្អិតបន្ថែមពីគោលជំហររបស់បារាំងនោះទេ ដោយគ្រាន់តែលើកឡើងពីភាពចាំបាច់នៃយុទ្ធសាស្ត្រមិនច្បាស់លាស់ និងបញ្ជាក់ថា ជម្រើសដែលលោកបានឡើងក៏ត្រូវបានលើកឡើងនៅក្នុងជម្រើសជាច្រើនផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន៕ ដោយ៖ ធីរីណា