ភ្នំពេញ ៖ ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ លោករដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចំងាយមួយគីឡូម៉ែត្រ។ ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាំមេរ៉ា អាចចាប់រូបភាព និងអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់ស្តារសត្វខ្លាធំបាន។
យោងតាមប្រសាសន៍របស់ លោកបណ្ឌិត អ៊ាង សុផល្លែត ការបំពាក់កាំមេរ៉ានេះនឹងជួយ ផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ។ ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស, សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូរ របស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ។
លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP បានចុះសិក្សា និងបានដាក់កាំមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ ទីតាំង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមានសត្វព្រៃ ដែលមានដោយកម្រនិងជិតផុតពូជ ក៏ដូចជាក្នុងគោលបំណងរៀបចំ កំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថាសត្វខ្លាធំនៅមានចំនួន ប្រហែល ៣២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល១០ម៉ឺនក្បាល នៅក្នុងពិភពលោក៕