ប្រែសម្រួល : កញ្ញាដាលីស (yahoo) ៖ ពេលខ្លះ Toyota ច្បាស់ជាឆ្ងល់ថាតើខ្លួនត្រូវធ្វើអ្វីដើម្បីយកពេលសម្រាកខ្លះក្រៅតែពីកើបប្រាក់ចំណេញដ៏អស្ចារ្យក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ក្រុមហ៊ុន Toyota បានចាប់ផ្តើមការប្រណាំងប្រជែងក្នុងឧស្សាហកម្មរថយន្តអគ្គិសនី នៅពេលដែលរថយន្ត Prius ប្រើសាំង-អគ្គិសនីកូនកាត់បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ១៩៩៧នៅក្នុងប្រទេសជប៉ុន។ រថយន្តរាងដូចប្រអប់តែប្រណីតមួយនេះបានចាប់ផ្តើមបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុន Toyota និងអតិថិជន ដែលមានការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។បន្ទាប់ពីរយៈពេលជាច្រើនទសវត្សរ៍នៅពេលដែលអារម្មណ៍សាធារណៈចាប់ផ្តើមនឿយណាយជាមួយនឹងតម្លៃប្រេង រថយន្ត Prius មិនត្រឹមតែជាបដិវត្តន៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រកាសក្តែងៗដែរថា “ខ្ញុំដឹងពីបញ្ហានេះ ហើយខ្ញុំជាផ្នែកនៃដំណោះស្រាយ”។
Toyota បន្តបង្កើតរថយន្តកូនកាត់កាន់តែច្រើននិងល្អជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀត ប៉ុន្តែការប្តូរផ្តាច់របស់ខ្លួនចំពោះបច្ចេកវិជ្ជានេះឥឡូវត្រូវគេមើលឃើញថាជាការប្រឆាំងទៅនឹងបដិវត្តន៍ដែលងាកទៅរកអគ្គិសនីទៅវិញ។ ក្រុមហ៊ុននៅតែប្រកាន់ភ្ជាប់ទៅនឹងឥន្ធនៈហ្វូស៊ីល ខណៈក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត គេនាំគ្នាចេញរថយន្តអគ្គិសនីសុទ្ធមួយហើយមួយទៀតឥតស្រាកស្រាន្ត។
ជាថ្មីម្តងទៀត រថយន្ត Prius Prime ២០២៣ នឹងមកដល់ក្នុងខែឧសភាដើម្បីការពារកិត្តិយសរបស់អ្នកផលិតរបស់វា។
រថយន្ត Toyota Prius Prime នឹងមាន៣ជម្រើសគឺ SE, XSE និង XSE Premium។
រថយន្ត Prius Prime SE អាចបើកបរបាន ៧០ គីឡូម៉ែត្រដោយប្រើថាមពលអាគុយសុទ្ធ ចំណែក XSE និង XSE Premium អាចបើកបាន ៦២ គីឡូម៉ែត្រ។ អ្នកបើកល្មមៗនឹងមិនបង្ហិនសាំងសូម្បីមួយដំណក់។ រឿងវិសេសវិសាលបំផុតសម្រាប់ម៉ូត PHEV របស់វា (សាកអាគុយពេលបើកបរ) គឺថាមិនចាំបាច់ចំណាយពេលឈប់ឡានដើម្បីសាកភ្លើងឱ្យពេញ១០០%នោះទេ ព្រោះវាសាកភ្លើងតាមផ្លូវដោយខ្លួនឯងដោយប្រើម៉ាស៊ីនឥន្ធនៈ។
លើសពីនេះវាក៏មានកម្លាំងលើសម៉ូដែលមុនៗដល់ទៅ ១០០ សេះផងដែរ ហើយស៊េរីមុនៗអាចបើកបានតែ ៤០ គីឡូម៉ែត្រប៉ុណ្ណោះលើថាមពលអាគុយ។
ចំណុចសំខាន់ៗនៃរថយន្ត Prius ២០២៣ គឺ ៖
– ម៉ាស៊ីនកម្លាំង ២២០ សេះ
– បើកបាន ៩៦៥ គីឡូម៉ែត្រពេលចាក់សាំងពេញនិងសាកអាគុយពេញ
– ប្រើពេល ៦,៦ វិនាទី ពីល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺស្ទុះលឿនជាងមុន
– ដំបូលសូឡា (ម៉ូតខ្លះគ្មាន)
– អេក្រង់ថាច់ស្គ្រីន ៨ ឬ ១២,៣ អ៊ីញ
– មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ
– មានបាស់ JBL ៨ គ្រាប់៕