ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា , អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា , “កម្ពុជាតូច តែបេះដូងធំ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា៖ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
សម្តេចធិបតី បន្តថា៖ “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន៕