ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន” ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយអំពីព័ត៌មានផ្សេងៗរបស់សង្គមជាតិ ទៅក្នុងសង្គម និងទៅដល់ប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត គ្រប់ជ្រុងជ្រោយ។ សម្ដេចធិបតីបញ្ជាក់ថា រយៈពេលជិត ៥ ខែនេះ សម្ដេចផ្ទាល់បានទទួលព័ត៌មានជាច្រើន ដើម្បីយកមកពិចារណា និងធ្វើការដោះស្រាយបន្ត។
-សម្តេចធិបតី ថ្លែងថា អំណាចនៃវិស័យព៌ត៌មាន គឺជាអំណាចទី៤ ហើយប្រសិនបើប្រើប្រាស់ត្រូវ វិស័យនេះគឺមានសារសំខាន់បំផុត ក្នុងការចូលរួមថែរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា អំណាចសារព័ត៌មាននេះ បើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងមូល។
-សម្ដេចធិបតី ថ្លែងថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មានសារៈ សំខាន់ខ្លាំងណាស់ ដើម្បីរក្សាតម្លៃអ្នកសារព័ត៌មាន។
-សម្តេចធិបតី ថ្លែងថា អ្នកសារព័ត៌មានមួយចំនួនមានចំណេះ ដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារឲ្យពួកគេបន្តធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ខណៈ អ្នកសារព័ត៌មានខ្លះបានដើរហួសវិជ្ជាជីវៈរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម។
-សម្តេចធិបតី ប្រកាសជំរុញឱ្យមន្រ្ដីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពន្រឿនការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលទទួលបានតាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មានដែលត្រឹមត្រូវយកមកធ្វើការដោះស្រាយ។
-សម្តេចធិបតី ថ្លែងថា សម្តេចដោះស្រាយបានជាច្រើនករណីចំពោះបញ្ហាដែលបានកើតឡើងដល់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីសម្តេចបានមើលឃើញតាមរយៈបណ្តាញព័ត៌មានក្នុងរយៈពេល៥ខែ ដែលសម្តេចធិបតីបានធ្វើជានាយករដ្ឋមន្រ្តីនាពេលកន្លងមកនេះ។
-សម្តេចធិបតី ថ្លែងថា អ្នកសារព័ត៌មានខ្លះបានយកព័ត៌មានមួយមកធ្វើជាថ្នូរ ដែលជាទង្វើខុសទាំងស្រុងចំពោះក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យតម្លៃនៅក្នុងវិស័យសារព័ត៌មានមានការធ្លាក់ចុះ។
-សម្តេចធិបតី ប្រកាសណែនាំឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានពិនិត្យមើលចំពោះ ការឡាយផ្ទាល់របស់អ្នកសារព័ត៌មានខ្លះ ដែលនាំឲ្យមានផលប៉ះពាល់ផ្ទាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់គេ ខណៈការឡាយទាំងនោះបានបង្ហាញនូវមុខគេជាពិសេសគឺស្រ្តីតែម្តង។
-សម្តេចធិបតី ថ្លែងណែនាំឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិពិនិត្យ និងរឹតបណ្តឹងបន្ថែមទៀតចំពោះគ្រឿងស្រវឹង ខណៈបញ្ហាចរាចរណ៍ដែលបានកើតឡើងយ៉ាងរន្ធត់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះគឺដោយសារតែគ្រឿងស្រវឹងនេះ។
-សម្តេចធិបតី ថ្លែងថា កន្លងមកឱ្យតែរាជរដ្ឋាភិបាលដាក់ចេញនូវច្បាប់លើវិស័យត៌មាន មានបុគ្គលមួយចំនួនតែងតែលើកឡើងថា បិទសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែការអនុវត្តសិទ្ធិហួសព្រំដែនកំណត់ទៅវិញទេ គឺជាការអនុវត្តបែបអណាធិបតេយ្យ មិនមែនប្រជាធិបតេយ្យនោះទេ។
-សម្តេចធិបតី ថ្លែងថា វិស័យសារព័ត៌មានបច្ចុប្បន្នកំពុងវិវត្តទៅរកប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដូច្នេះវិស័យសារព័ត៌មានត្រូវដើរឱ្យទាន់ទំនើបកម្មឌីជីថលនេះ គឺត្រូវធ្វើរបងមុនគោមកដល់ កុំចាំគោមកដល់ទើបធ្វើរបង។
-សម្តេចធិបតី ថ្លែងថា វិស័យសារព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការចូលរួមជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះចំណុចដែលខ្វះចន្លោះ ដើម្បីពង្រឹងសមត្ថភាព ពន្លឿនលើការផ្ដល់សេវារបស់មន្រ្ដីដល់ប្រជាពលរដ្ឋឱ្យមានតម្លាភាព និងសុក្រឹតភាព។
-សម្តេចធិបតី ថ្លែងណែនាំដល់បណ្ដាខេត្តគួរតែមានក្រុមការងារព័ត៌មានមួយក្រុមទៀត ក្រៅពីមន្ទីរព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសលើការផ្សព្វផ្សាយការអនុវត្តការងាររបស់ថ្នាក់ខេត្ត។
-សម្តេចធិបតី ថ្លែងថា ការងារព័ត៌មាននេះសំខាន់ណាស់ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។
-សម្តេចធិបតី ថ្លែងថា ខេត្តនីមួយៗគួរតែមានការប្រឡងប្រណាំងលើកិច្ចការងាររបស់ខេត្ត រួមទាំងកិច្ចការងារព័ត៌មាននេះផងដែរ។ សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការងារព័ត៌មាននេះ ដូចជាការធ្វើទីផ្សារសម្រាប់ខេត្តមួយៗដូច្នោះដែរ បើធ្វើច្រើនផ្សព្វផ្សាយចេញច្រើន គឺរឹតតែប្រសើរ ជាជាងធ្វើច្រើនហើយគ្មានការផ្សព្វផ្សាយ ស្មើនឹងមិនបានធ្វើសោះ។
គួរជម្រាបថា អង្គសន្និបាតរយៈពេល ២ ថ្ងៃរបស់ក្រសួងព័ត៌មានបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ , អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕