ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វគោ ក្របីនៅខេត្តស្វាយរៀង បានត្អូញត្អែរអំពីតម្លៃធ្លាក់ថ្លៃ ហើយបើប្រៀបធៀបមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ពួកគាត់ថា តម្លៃសាច់គោ-ក្របីមានតម្លៃខ្ពស់គួរសម ដែលអាចមានប្រាក់ចំណេញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបាន។
ប្រជាពលរដ្ឋ នៅក្នុងឃុំចន្ទ្រា ឃុំទួលស្តី និងឃុំខ្សែត្រ ស្រុកចន្ទ្រា បានឲ្យអ្នកសារព័ត៏មានដឹងថា សព្វថ្ងៃនេះ មានឈ្មួញដើរប្រមូលទិញសត្វក្របី យកទៅស្តុកក្នុងក្រោល ដើម្បីនាំចេញទៅប្រទេសវៀតណាម រាប់រយក្បាល ក៏ប៉ុន្តែតម្លៃក្របីធ្លាក់តម្លៃទាប បើប្រៀបធៀបកាលពីមុនផ្ទុះជំងឺកូវីដ-១៩ ក្របីធំអាយុ៣ឆ្នាំ ទៅ៤ឆ្នាំ ១ក្បាលតម្លៃ១,០០០ដុល្លារ ទៅ១,៥០០ដុល្លារ ក៏ប៉ុន្តែនៅឆ្នាំ២០២៣-២០២៤នេះ តម្លៃក្របី១ក្បាល លក់បានតែ៥០០ ទៅ៧០០ដុល្លារប៉ុណ្ណោះ គឺចុះតម្លៃពាក់កណ្តាល។
ប្រជាកសិករអ្នកចិញ្ចឹមក្របី នៅភូមិគោកតែក ឃុំចន្ទ្រា បានប្រាប់ឲ្យដឹងទៀតថា ក្នុងឃុំចន្ទ្រា មានប្រជាកសិករចិញ្ចឹមសត្វក្របីគោ ក្នុង១គ្រួសារ ចាប់ពី២០ក្បាល ទៅ៧០ក្បាល ក្នុង១គ្រួសារ ដោយកាលពី៤-៥ឆ្នាំមុន ក្របីឡើង១ក្បាលតម្លៃ១,៥០០ដុល្លារ ក្របីញី ក្របីក្រមុំ អាយុ៣ឆ្នាំ តម្លៃ១,០០០ដុល្លារក្នុង១ក្បាល គោ១ក្បាល តម្លៃ៨០០ដុល្លារ ទៅ១,០០០ដុល្លារ ហើយបច្ចុប្បន្ន តម្លៃ១ក្បាល៤០០ដុល្លារ ទៅ៥០០ដុល្លារប៉ុណ្ណោះ។
កសិករម្នាក់នៅភូមិគោកតែក ក៏បានលើកឡើងថា គាត់ចិញ្ចឹមក្របី៤០ក្បាល បើគិតពីការទិញក្របីមកចិញ្ចឹម រយៈពេល៣ទៅ៤ឆ្នាំទើបបានលក់ គឺការចំណាយច្រើន ចំណាយទៅលើថ្នាំវ៉ាក់សាំងការពារជំងឺ ចំណាយទៅលើស្មៅ ចំបើង គឺតម្លៃក្របីថោកជាងចំបើង ហើយបើមានផ្ទុះជំងឺសាទឹក អុតក្តាម ត្រូវការថ្នាំព្យាបាល គឺខាតដើមបើតម្លៃដូចបច្ចុប្បន្ននេះ។
ស្រដៀងគ្នានេះ លោកស្រី ម៉ៅ ជាប្រជាកសិករអ្នកចិញ្ចឹមគោក្របីរស់នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បានឲ្យដឹងថា កាលពីមុនៗ គោក្របីលក់បានថ្លៃណាស់ ដោយមេក្របីធំលក់បានតម្លៃ ចាប់ពី១០០០ដុល្លារ ទៅ១៧០០ដុល្លា បើកូនតូចៗលក់បានចាប់ពី៥០០ដុល្លារ ដល់៧០០ដុល្លារឯនោះ ចំណែកចំបើងវិញក៏ថ្លៃមួយដុំ៥០០០រៀល ទៅ៦៥០០រៀល។
ប្រជាកសិករចិញ្ចឹមគោក្របីខាងលើ ក៏បានអំពាវនាវដល់ក្រសួង មន្ទីរពាក់ព័ន្ធជួយរកទីផ្សារដើម្បីឲ្យតម្លៃគោក្របីខ្ពស់ ដែលពួកគាត់ខំចិញ្ចឹងហើយពិបាករកទីផ្សារ ពោលគឺលើមាត់ឈ្មួញដែលមកប្រមូលទិញ។
ប្រជាពលរដ្ឋ បានលើកឡើងបន្ថែមទៀតថា ក្រុមឈ្មួញគេដើរប្រមូលទិញក្របី ពីកសិករយកទៅស្តុកទុកក្នុងក្រោល រាប់រយក្បាលដើម្បីបំប៉ន រួចនាំឆ្លងដែនចេញទៅប្រទេសវៀតណាម។ ទាក់ទិនគោក្របីធ្លាក់ថោកនោះ មន្ត្រីជំនាញបានបញ្ជាក់ថា ពាក់ព័ន្ធក្រុមឈ្មួញទិញគោក្របីតម្លៃទាបនោះ គឺជាទីផ្សារសេរី ហើយចំពោះឈ្មួញប្រមូលទិញនោះ គឺមានច្បាប់អាជីវកម្មទើបទិញបាន៕