សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៉ីល នៅទូទាំងប្រទេស ចាប់តាំងពីព្រឹកព្រលឹមមក (ម៉ោងក្នុងតំបន់) ដោយត្រូវចំអគារលំនៅដ្ឋាន និងទីតាំងឧស្សាហកម្មនានា បណ្តាលឲ្យរបួសមនុស្សជាច្រើននាក់ និងយ៉ាងហោច៣នាក់ស្លាប់។
អ៊ុយក្រែនទាំងមូលស្ថិតក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមផ្លូវអាកាស ចាប់តាំងពីម៉ោងប្រហែល ៦ព្រឹក ដោយកងទ័ពអាកាសបាននិយាយថា ប្រទេសរបស់ខ្លួនកំពុងរងការគំរាមកំហែងដោយមីស៉ីលគ្រូស និងមីស៉ីលផ្លោង នៅក្នុងតំបន់មួយចំនួន។
អភិបាលក្រុង Kryvyi Rih ដែលស្ថិតនៅភាគខាងត្បូង លោក Oleksandr Vilkul បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា «សត្រូវ (រុស្ស៉ី) កំពុងវាយលុកយ៉ាងសាហាវមកលើទីក្រុងនានា ដែលមិនមែនជាសមរភូមិ»។ មន្រ្តីក្រុងក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ បានឲ្យដឹងថា មានការវាយប្រហារដោយមីស៉ីលលើទីក្រុង បណ្តាលឲ្យមនុស្សរងរបួស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត។ ដោយឡែក មន្ត្រីយោធាក្រុងផ្សេងៗទៀត រួមទាំងទីក្រុង Dnipropetrovsk និង Khmelnytskyi បានឲ្យដឹងដែរថា ទីក្រុងរបស់ពួកគេ ក៏ស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លា ដោយមីស៉ីរបស់រុស្ស៉ីផងដែរ។
គោលដៅនៃការវាយប្រហារ និងទំហំនៃការវាយប្រហារនៅមិនទាន់ច្បាស់ទេ ខណៈរុស្ស៉ីនៅមិនទាន់ធ្វើការអត្ថាធិប្បាយ។ ជិត ២ឆ្នាំនៃសង្រ្គាម ភាគីទាំងសងខាងបាននិងកំពុងតែងាកទៅរក ការបង្កើនការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក បន្ទាប់ពីការវាយលុកតាមជើងគោក នៅតាមសមរភូមិមុខ គ្មានភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់៕ ដោយ៖ ធីរីណា