សារព័ត៌មាន AFP នាថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រថភ្លើង២ខ្សែបានបុកគ្នានៅលើកោះជ្វា (Java) ជាហេតុនាំឱ្យមនុស្ស៣នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់២៨នាក់ផ្សេងទៀតទទួលរងរបួស។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់ Cicalengka នៃខេត្តជ្វាខាងលិច (West Java) ហើយបណ្តាលឱ្យទូរថភ្លើងមួយចំនួនក្រឡាប់ធ្លាក់ចេញពីផ្លូវ។ ក្នុងចំណោមរថភ្លើងទាំង២គ្រឿង ដែលបានប៉ះទង្គិចគ្នានោះ មួយគ្រឿងមានផ្ទុកអ្នកដំណើរចំនួន២៨៧នាក់ និងមួយគ្រឿងទៀតមានផ្ទុកមនុស្ស១៩១នាក់។ បើតាមអ្នកនាំពាក្យនៃស្ថាប័នប៉ូលិសប្រចាំខេត្ត West Java អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីរថភ្លើងទាំង២ ខណៈដែលអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មូលហេតុដែលបង្កឱ្យមានការបុកគ្នា កំពុងស្ថិតក្រោមការស៉ើបអង្កេត។ កាលពីឆ្នាំ២០១៥ ហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងរថភ្លើងដឹកអ្នកដំណើរ១ខ្សែនឹងរថយន្តក្រុងធុនតូច១គ្រឿងនៅផ្លូវឆ្លងកាត់ក្នុងរដ្ឋធានីហ្សាការតា បានផ្តាច់ជីវិតមនុស្ស១៦នាក់។ រីឯកាលពីឆ្នាំ២០១៣ មនុស្ស៧នាក់បានស្លាប់និងជាច្រើននាក់ទៀត បានរងរបួស នៅពេលរថភ្លើងដឹកអ្នកដំណើរ១ខ្សែបានបុករថយន្តដឹកប្រេងនៅទីក្រុងហ្សាការតាដដែល រួចបង្កឱ្យមានភ្លើងឆាបឆេះ៕ ដោយ៖ ធីរីណា