សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកនៅតែមានជំនឿចិត្តថាសហរដ្ឋអាមេរិកនឹងមិនក្បត់ប្រទេសរបស់លោកដោយបញ្ឈប់ការផ្ដល់ជំនួយយោធានោះទេ ខណៈដែលទីក្រុងកៀវកំពុងតស៊ូវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។
ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កំពុងជាប់គាំងដោយសារការជំទាស់ពីក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំង២ របស់សហរដ្ឋអាមេរិក ចំពោះមុខការព្រមានពីសេតវិមានថាកញ្ចប់ថវិកាសម្រាប់ទិញអាវុធផ្ដល់ឱ្យអ៊ុយក្រែននឹងត្រូវអស់នៅដំណាច់ឆ្នាំនេះ ប្រសិនបើមិនមានការអនុម័តជំនួយថ្មីទេនោះ។
តែយ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គីបាននិយាយថា លោកនៅតែមានជំនឿចិត្តថា សហរដ្ឋអាមេរិកនឹងមិនក្បត់ប្រទេសរបស់លោកនោះទេ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ខ្ញុំពិតជឿជាក់យ៉ាងមុតមាំថា សហរដ្ឋអាមេរិកនឹងមិនក្បត់ពួកយើងឡើយ»។ លោកបន្ថែមថាជំនួយហិរញ្ញវត្ថុ គឺជាគន្លឹះដ៏សំខាន់សម្រាប់អ៊ុយក្រែនការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំពីរុស្ស៉ី ហើយលោកផ្ទាល់ក៏សង្ឃឹមដែរថា សហភាពអឺរ៉ុបនឹងអនុម័តកញ្ចប់ថវិកាជំនួយ ៥០ពាន់លានអឺរ៉ូ ក្នុងពេលឆាប់ៗនេះ បើទោះជាជំនួយនេះកំពុងជាប់គាំងដោយសារតែការជំទាស់ពីហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុបក៏ដោយ។
មេដឹកនាំព្រឹទ្ធសភាអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះនេះដែរ ក៏បានឱ្យដឹងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអាចអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនឱ្យបានមុនដំណាច់ឆ្នាំ២០២៣នេះបាននោះឡើយ ខណៈគណបក្សទាំង២ កំពុងព្យាយាមស្វែងរកការសម្រុះសម្រួលមួយ៕