ប្រភពពីរ៉យទ័រ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រាយការណ៍ថា រដ្ឋាភិបាលប្រទេសទាំង ៣ ពេញចិត្តក្នុងការចងការប្តេជ្ញាចិត្តរួមគ្នាដោយស្ម័គ្រចិត្ត សម្រាប់អ្នកផ្តល់សេវា AI ខ្នាតធំ និងខ្នាតតូច នៅក្នុងសហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុប សភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប បច្ចុប្បន្នកំពុងចរចាអំពីរបៀបដែលប្លុកនេះ គួរតែដាក់ខ្លួនយ៉ាងម៉ត់ចត់នៅក្នុងវិស័យថ្មីនេះ។
សភាអឺរ៉ុបក៏បានបង្ហាញច្បាប់ AI កាលពីខែមិថុនាកន្លងទៅ ដោយមានគោលបំណងបញ្ចៀសហានិភ័យសុវត្ថិភាពពីកម្មវិធី AI និងជៀសវាងផលប៉ះពាល់នៃការរើសអើង ប៉ុន្តែមិនរាប់បញ្ចូលការកាត់បន្ថយកម្រិតច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីនេះ នៅអឺរ៉ុបនោះទេ ហើយអំឡុងពេលពិភាក្សា សភាអឺរ៉ុបបានស្នើថា ដំបូងឡើយ ក្រមសីលធម៌គួរមានកាតព្វកិច្ចសម្រាប់តែអ្នកផ្តល់សេវា AI ធំៗប៉ុណ្ណោះ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានព្រមានប្រឆាំងអត្ថប្រយោជន៍ប្រកួតប្រជែងជាក់ស្តែងនេះ សម្រាប់អ្នកផ្តល់សេវាតូចៗនៅអឺរ៉ុបផងដែរ។
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលទទួលបន្ទុកលើប្រធានបទរួមជាមួយនឹងក្រសួងកិច្ចការឌីជីថល បានលើកឡើងថា ច្បាប់ និងការគ្រប់គ្រងរដ្ឋ មិនគួរគ្រប់គ្រង AI ខ្លួនឯងនោះទេ ប៉ុន្តែត្រូវតែជាការអនុវត្តលើវា។ ការអភិវឌ្ឍន៍នៃម៉ូដែល AI ដែលមិនទាន់ប្រើប្រាស់ ឬមិនទាន់ដាក់លក់នៅលើទីផ្សារ មិនគួរត្រូវបានគ្រប់គ្រងដោយរដ្ឋដាច់ដោយឡែកនោះទេ។
រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ កំពុងរៀបចំកិច្ចប្រជុំកំពូលឌីជីថលនៅទីក្រុងជេណា (Jena) រដ្ឋធូរីងៀ (Thuringia) របស់ខ្លួន នៅថ្ងៃទី២០-២១ ខែវិច្ឆិកា ដែលនឹងរួមបញ្ចូលតំណាងពាក់ព័ន្ធនឹងនយោបាយ អាជីវកម្ម និងវិទ្យាសាស្ត្រ ហើយបញ្ហាជុំវិញ AI នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំ នៅពេលដែលរដ្ឋាភិបាលអាល្លឺម៉ង់ និងអ៊ីតាលី ជួបពិភាក្សាគ្នា នៅទីក្រុងប៊ែរឡាំង នៅថ្ងៃទី២២ ខែវិច្ឆិកា៕