ភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ ដែលបានចុះអភិបាលកិច្ច និងពង្រឹងបច្ចេកទេស លើកកម្ពស់គុណភាពសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងសមធម៌។ ថ្នាក់ដឹកនាំដែលត្រូវអញ្ជើញចូលរួមកម្មវិធីផ្សេងៗ ជាតំណាងក្រសួង ទាំងក្នុងប្រទេស ក្រៅប្រទេស ត្រូវរៀបចំឱ្យបានត្រឹមត្រូវតាមស្តង់ដាពិធីការ និងកាទូត ព្រមទាំងត្រៀមឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ។
ការងារបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាល ជាពិសេសផ្តោតសំខាន់លើការបណ្តុះបណ្តាលមុនពេលបម្រើការងារ ដោយធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនវិស័យសុខាភិបាលនៅលើសកលលោក។ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវរៀបចំឱ្យបានច្បាស់លាស់ទាំងការងារគ្រប់គ្រងមន្រ្តីរាជការ ផែនការ និងការវិភាគមុខងារត្រូវរៀបចំឱ្យបានល្អ និងធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលា។
ការរៀបចំស្តង់ពិព័រណ៍របស់ក្រសួងសុខាភិបាល ត្រូវសហការក្នុងការរៀបចំឱ្យបានល្អ និងផុសផុល ដើម្បីអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ៥ ឆ្នាំ នៃការរៀបចំកសាងវិមានឈ្នះ ឈ្នះ នាពេលខាងមុខនេះ។
កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *