សារព័ត៌មានស៊ីនហួ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថាក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១៨,៤០០នាក់ហើយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស់ នឹងអុីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។
អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា គិតត្រឹមថ្ងៃអង្គារនេះ ប្រជាជនប៉ាឡេស្ទីនចំនួន១៨,៤១២នាក់ត្រូវបានសម្លាប់ និង៥០,១០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់យោធាអុីស្រាអែលលើតំបន់ហ្គាហ្សា។
លោក Al-Qudra បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលប៉ុន្មានម៉ោងកន្លងមកនេះ សាកសពរបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២០៧ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហ្គាហ្សាស្ទ្រីប ខណៈដែលមនុស្ស ៤៥០នាក់ផ្សេងទៀតបានរងរបួសដោយសារលទ្ធផលនៃការវាយឆ្មក់របស់អុីស្រាអែល។
អុីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងតាមផ្លូវគោកជាបន្តបន្ទាប់ លើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដើម្បីជាការឆ្លើយតបនឹងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើលពីសំណាក់ក្រុមហាម៉ាស់លើភាគខាងត្បូងអុីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១, ២០០ នាក់។ បទឈប់បាញ់រយៈពេល ១០ ថ្ងៃត្រូវបានអនុវត្តនៅចុងខែវិច្ឆិកាដើម្បីដោះលែងចំណាប់ខ្មាំងអុីស្រាអែលចំនួន១០៥នាក់ដែលក្រុមហាម៉ាស់បានឃុំខ្លួន ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីពន្ធនាគារអុីស្រាអែល៕ ដោយ៖ ធីរីណា