ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាល​​ឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ក្រុមគ្រួសារ ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់ថាធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់​គ្រប់ដំណើរការនៃការអភិវឌ្ឍ ព្រោះថា គ្រប់អ្វីៗទាំងអស់ នឹងមិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព និង ផលិតភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ ទាំងជំនាញរឹង ទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។ បន្ថែមលើនេះ ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមកម្ពុជាទំនើប និងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលក្នុងប្រព័ន្ធនេះ ការដឹកនាំកសាងខឿនសេដ្ឋកិច្ច គឺឈរលើគោលការណ៍ និងយន្តការសេដ្ឋកិច្ចទីផ្សារ ដោយប្រើប្រាស់ និងគ្រប់គ្រងយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់បម្រើផលប្រយោជន៍​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សំដៅធានាឱ្យប្រជាជាតិកម្ពុជាទាំងមូលឤចក្តាប់ជាប់ និងធ្វើជាម្ចាស់ពេញលេញ លើជោគវាសនារបស់ខ្លួន ព្រមទាំងធានាឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ឤចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាមួយនឹងការចែករំលែកផលផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ ។
សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវ«យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់ពង្រឹងសមិទ្ធកម្មបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ការពង្រឹងអភិបាលកិច្ច ដើម្បីធានានូវការប្រតិបត្តិរួមគ្នាដោយសង្គតិភាព ដើម្បីជាប្រទីបបញ្ជាក់អំពីការទទួលខុសត្រូវក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ពិសេសការធានានិរន្តរភាព និងដំណើរការតាមរយៈសិទ្ធិអំណាច និងដំណើរការរបស់រដ្ឋបាលសាធារណៈ សំដៅធានានូវផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ ក្នុងន័យនេះ ដើម្បីសម្រេចតាមគោលការណ៍ប្រកបដោយភាពជោគជ័យ សម្ដេចធិបតី បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់ ទី១. កត្តាយន្តការ និងប្រព័ន្ធការងារ និងទី២. កត្តាមនុស្ស ។ លើសពីនេះ សម្តេចធិបតី បានលើកទឹកចិត្តសិស្សមន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនឱ្យអស់លទ្ធភាព ដោយប្រែក្លាយចំណេះដឹងដែលទទួល​បាន​ពី​ការបណ្តុះបណ្តាល ជាលទ្ធផលជាក់ស្តែងក្នុងការរួមចំណែកជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ ដល់​ប្រទេសជាតិ និង ប្រជាជន ។ សម្តេចធិបតី ក៏បានបន្ថែមទៀតថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ទន្ទឹមនេះ មន្ត្រីម្នាក់ៗ និងក្រុមគ្រួសារក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន ។
ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង លទ្ធផលការងារ និងសមិទ្ធផលធំៗជាច្រើន ដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបានក្នុងរយៈពេលកន្លងមក ដែលសមិទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំជាប្រចាំ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ បុរេសកម្ម និងវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ មន្រ្តី សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្សមន្ត្រី កម្មសិក្សាការី និង អ្នកពាក់ព័ន្ធទាំងអស់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *