ខេត្តបន្ទាយមានជ័យ៖ ដោយមានការចែករំលែកព្រោងព្រាត លើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញសិស្សសាលាមួយក្រុមមានគ្នា៤នាក់ បានជួបជុំគ្នាក្នុងហាងកាហ្វេមួយ នៅក្រុងប៉ោយប៉ែត ដោយពួកគេជួបជុំជក់បារីគេចពីសាលាមិនចូលរៀន ក្នុងកាយវិការឯកសណ្ឋានជាសិស្សមិនសមរម្យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ។
នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ករណីខាងលើនេះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់សិស្សសាលាទាំងនោះ យកមកសួរនាំ និងធ្វើការអប់រំ។
នគរបាលបន្តថា សិស្សសាលាដែលនគរបាលឃាត់យកមកអប់រំ មានចំនួន៤នាក់ រួមមានៈ ១-ឈ្មោះ ឈឿន រក្សា ភេទប្រុស ២-ឈ្មោះ ហេង សុវីឡា ភេទប្រុស ៣-ឈ្មោះ រ៉ុង ជីងវ័រ ភេទប្រុស ៤-ឈ្មោះ នុក សម្បតិ ភេទប្រុស អង្គុយក្នុងហាងកាហ្វេមួយកន្លែងឈ្មោះអុីណាអុី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកាយវិការមិនសមរម្យរួមទាំងមានការជក់បារី។
នគរបាលបញ្ជាក់ថាៈក្រោយពីធ្វការអប់រំនៅវេលាម៉ោង ១៦និង០៥នាទី ថ្ងៃខែឆ្នាំដដែល សិស្សទាំង៤នាក់ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត នាំយកទៅសាលាពន្លកខ្មែរ ជួបជាមួយលោកនាយកសាលា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នគរបាលយើងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ក្មេងទាំងនោះជូនឪពុកម្តាយយកទៅអប់រំបន្តនៅផ្ទះ។ បើសិនជាថ្ងៃក្រោយមិនកែខ្លួននៅប្រព្រឹត្តទង្វើដូចដែលពួកគាត់ធ្វើនគរបាលនឹងមានវិធានការថ្មីបន្ថែមទៀត៕