អាជ្ញាធរបាននិយាយថា នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico រងការវាយប្រហារដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយស្ថានភាពរបស់គាត់បច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានផ្សាយថា នាយករដ្ឋមន្ត្រី Fico (អាយុ 59 ឆ្នាំ) ត្រូវបានបាញ់កាលពីថ្ងៃទី 15 ខែឧសភា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋាភិបាល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការបាញ់ប្រហារចំនួនបួនគ្រាប់ទៅលើលោក Fico ខណៈពេលដែលគាត់កំពុងចាប់ដៃជាមួយអ្នកគាំទ្រនៅទីក្រុង Handlova ចម្ងាយប្រហែល 150 គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី Bratislava ។
លោក Fico ត្រូវបានអង្គរក្សជួយយកចូលក្នុងរថយន្តហើយបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកវាយប្រហារត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ។ ជនសង្ស័យទំនងជាបានបាញ់លោក Fico ពីចម្ងាយ។
ជនសង្ស័យជាបុរសអាយុ 71 ឆ្នាំមកពីទីក្រុង Levice ។ យោងតាមកាសែត Dennik N ជននេះបានបាញ់លោក Fico ជាមួយនឹងកាំភ្លើងដែលទិញដោយស្របច្បាប់។ សារព័ត៌មាន Pravda Slovakia បានរាយការណ៍ថា លោក Fico “បានរងរបួសត្រង់ពោះ និងទ្រូង”។ សារព័ត៌មានផ្សេងទៀតបានពិពណ៌នាអំពីស្ថានភាពរបស់នាយករដ្ឋមន្ត្រីថាមានសភាព “ធ្ងន់ធ្ងរ” ។
ការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសនៅលើ Facebook ថាលោក Fico ត្រូវបានរងការវាយប្រហារដោយ “គ្រាប់កាំភ្លើងជាច្រើន” ហើយស្ថានភាពរបស់គាត់ឥឡូវនេះគឺ “គំរាមកំហែងដល់អាយុជីវិត” ។ លោក Fico កំពុងត្រូវបានដឹកតាមយន្តហោះពី Handlova ទៅកាន់មន្ទីរពេទ្យនៅ Banska Bystrica ពីព្រោះការនាំគាត់ទៅ Bratislava ចំណាយពេលយូរពេក។
ប្រធានាធិបតីជាប់ឆ្នោតលោក Peter Pellegrini បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារលើលោក Fico គឺជាការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមកចំពោះលទ្ធិប្រជាធិបតេយ្យស្លូវ៉ាគី។ លោកបានសរសេរថា “ប្រសិនបើយើងបង្ហាញពីទស្សនៈនយោបាយផ្សេងគ្នារបស់យើងដោយប្រើកាំភ្លើងនៅក្នុងទីលានជំនួសឱ្យសន្លឹកឆ្នោត យើងនឹងគំរាមកំហែងដល់អ្វីៗទាំងអស់ដែលយើងបានកសាងជាមួយគ្នាក្នុងអំឡុងពេល 31 ឆ្នាំនៃអធិបតេយ្យភាពស្លូវ៉ាគី” ។
លោក Pellegrini ដែលជាសម្ព័ន្ធមិត្តរបស់ Fico បានយកឈ្នះអតីតរដ្ឋមន្ត្រីការបរទេស Ivan Korcok ក្នុងការបោះឆ្នោតកាលពីខែមុន ហើយនឹងជំនួសតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាច Zuzana Caputova នៅខែមិថុនា៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *