ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលចុះបញ្ជាប្រតិបត្តិការផ្ទាល់ បានប្រាប់បណ្តាញព័ត៌មាន ថា ខ្មាន់កាំភ្លើងដែលបានបាញ់ក្រុមយុវជនបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ តាមចាប់ខ្លួនបានហើយ។
ទាំងខ្មាន់កាំភ្លើង និងបក្ខពួក ដែលបានបាញ់ប្រហារយុវជនមួយក្រុមនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចកត្រូវសមត្តកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះទៅឡោមព័ទ្ធ និងចាប់បក្ខពួកម្នាក់ទៀតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ, នៅពេលដែលកម្លាំងនគរបាលចុះឡោមព័ទ្ធចាប់នោះ ជនល្មើសបានបាញ់មកលើសមត្ថកិច្ចចំនួន៦គ្រាប់ផងដែរ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងបង្ក្រាបនោះឡើយ។ កម្លាំងនគរបាលជំនាញឡោមព័ទ្ធចាប់ខ្លួននោះ ខ្មាន់កាំភ្លើងម្នាក់នេះ មិនព្រមប្រគល់ខ្លួននោះឡើយ ពោលបានបាញ់មកលើសមត្ថកិច្ចថែមទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធទៅវិញរហូតចាប់ខ្លួនបានភ្លាមៗ។
កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ មានហេតុការណ៍បាញ់រះមួយបានកើតឡើង នៅផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានបណ្ដាលឲ្យជនយុវជនម្នាក់រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបើករថយន្ដគេចខ្លួនបាត់។តាមសេចក្តីរាយការណ៍ មូលហេតុដែលនាំឲ្យខ្មាន់កាំភ្លើងផ្ទុះអាវុធនេះដោយសារខឹងជាមួយសង្សាររបស់ខ្លួន៕