សារព័ត៌មាន Reuters បានផ្សាយថា មន្ទីរបញ្ចកោណ នៅថ្ងៃចន្ទ ទី៦ ខែឧសភានេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) បាននិយាយថាមើលមិនឃើញពីការប្រែប្រួល ឬភាពមិនប្រក្រតីណាមួយ នៃគោលជំហររបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីនោះទេ បើទោះជាទីក្រុងវ៉ាស៊ីនតោនរិះគន់នូវអ្វីដែលខ្លួនហៅថាជា «វោហាសាស្ត្រគ្មានការទទួលខុសត្រូវ» បន្ទាប់ពីទីក្រុងមូស្គូប្រកាសពីការធ្វើសមយុទ្ធហាត់សមប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកក៏ដោយ។
រុស្ស៉ី កាលពីថ្ងៃចន្ទនោះដែរ បានប្រកាសថា ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ពូទីន ដែលនឹងរួមបញ្ចូលទាំង ការហាត់សមដាក់ពង្រាយ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក ក្រោយវិមានក្រឹមឡាំងព្រមានពីការគំរាមកំហែងបង្កឡើងដោយបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
តែទោះជាបែបនេះក្ដី អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បាននិយាយាថា ខាងមន្ទីរបញ្ចកោណមើលមិនឃើញពីការផ្លាស់ប្ដូរណាមួយនៃគោលជំហររបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីនោះទេ ហើយថាមន្ទីរបញ្ចកោណនឹងបន្តតាមដានស្ថានការណ៍។ ក្រសួងការពារជាតិ
រុស្ស៉ី បានបញ្ជាក់ថា សមយុទ្ធយោធាខាងលើមានគោលបំណងធានាការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់រុស្ស៉ី។ ក្រសួងការបរទេសរុស្ស៉ីវិញ ក៏បានសង្កត់ដែរថាសមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួនដែលទីក្រុងមូស្គូចោទប្រកាន់ថាកំពុងជំរុញឱ្យមានការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់រវាងរុស្ស៉ីនិងបក្សសម្ព័ន្ធយោធា NATO។ រុស្ស៉ី និងសហរដ្ឋអាមេរិកគឺជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោក ដោយមហាអំណាចទាំង២នេះកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរជាង១០ ៦០០គ្រាប់ នៃក្បាលគ្រាប់នុយក្លេអ៊ែរសរុបរបស់ពិភពលោក ១២ ១០០គ្រាប់។ រុស្ស៉ីត្រូវបានគេរាយការណ៍ថាមានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក ១៥៦០គ្រាប់៕ ដោយ៖ ធីរីណា