សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា រុស្ស៉ីបានកត់ឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលក្នុងបញ្ជីស្តីពីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ខណៈវាជាសកម្មភាពមួយដែលទីក្រុងកៀវមើលឃើញថា ជាសញ្ញានៃភាពអស់សង្ឃឹមរបស់ទីក្រុងមូស្គូ។ឈ្មោះរបស់លោក ហ្សេលេនស្គី បានលេចឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៉ី។ បើតាមខ្លឹមសារក្នុងបញ្ជីនោះ លោកប្រធានាធិបតីអ៊ុយក្រែន ស្ថិតក្នុងចំណោមក្រុមឧក្រិដ្ឋជន ដែលអាជ្ញាធរុស្ស៉ីត្រូវចាប់ខ្លួន ដោយយោងតាមមាត្រាមួយនៃក្រមព្រហ្មទណ្ឌរុស្ស៉ី ប៉ុន្តែពុំមានការបញ្ជាក់លម្អិតជាងនេះទៀតឡើយ។ ដោយឡែក ក្រសួងការបរទេសអ៊ុយក្រែន បានចេញមុខលើកឡើងថា សកម្មភាពនេះ បានស្តែងឱ្យឃើញពីភាពអស់សង្ឃឹមរបស់រុស្ស៉ី។
លោក ហ្សេលេនស្គី បានស្ថិតក្រោមគោលដៅរបស់ទីក្រុងមូស្គូ ចាប់តាំងតែពីការផ្ទុះឡើងដំបូង នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ បើតាមការអះអាងរបស់លោកប្រធានាធិបតីអ៊ុយក្រែន កាលពីឆ្នាំមុន គឺលោកដឹងថា ការប៉ុនប៉ងធ្វើឃាតយ៉ាងហោច៥-៦ដង លើរូបលោក ត្រូវបានទប់ស្កាត់។ នៅថ្ងៃក្រោយពេលបញ្ជូនកងទ័ពចូលវាយលុកអ៊ុយក្រែន អំឡុងការថ្លែងសារទៅកាន់ប្រជាជាតិ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏បានទទូចឱ្យកងទ័ពអ៊ុយក្រែន ផ្តួលរំលំលោក ហ្សេលេនស្គី ថែមទៀតផង។
មេបញ្ជាការកងកម្លាំងជើងគោករបស់អ៊ុយក្រែន លោក Oleksandr Pavliuk និងអតីតប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ក៏មានឈ្មោះក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់រុស្ស៉ី កាលពីថ្ងៃសៅរ៍ផងដែរ។ កាលពីឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ក្រោមបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធការចាប់ពង្រាត់ក្មេងៗអ៊ុយក្រែនយកទៅប្រទេសរុស្ស៉ី ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបដិសេធ៕ ដោយ៖ ធីរីណា