បាត់ដំបង ៖ ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតវិញ តាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិងជិតចូលមកដល់។
លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានប្រាប់អោយដឹងនៅថ្ងៃទី០២ ខែមេសា នេះថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ពលករខ្មែរទាំងប្រុស ទាំងស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដើមកំណើតវិញបណ្តើរហើយក្នុងគោលបំណងជួបជុំក្រុមគ្រួសារ សាច់ញាតិ កូនចៅក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខនេះ។
ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែរ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង រយៈពេល ២ទៅ៣ថ្ងៃនេះ មានសរុបរហូតចំនួន ៦២៩៩នាក់ ក្នុងនោះពលករស្រីចំនួន ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករចំនួន ២៩៥នាក់ ហើយក្រៅពីពលករខ្មែរ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរដែលមានចំនួន ៦៤១នាក់ ក្នុងនោះស្រី ៣២១នាក់ ហើយការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី២ ខែមេសានេះ គឺនៅតែបន្តចាកចេញដដែល ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនិងរយៈពេល០២ថ្ងៃមុន ៕