ភ្នំពេញ៖ ក្រុមហ៊ុនអាម៉េរិកធំៗ ប្រមាណ ១៧ក្រុមហ៊ុន ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប, បណ្តាញផ្សព្វផ្សាយសង្គម, ទេសចរណ៍, ហិរញ្ញវត្ថុ, ថាមពល, ផ្សារលក់រាយ, កម្មន្តសាល និងធានារ៉ាប់រង បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោ បាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការវិនិយោគ។a us companey2
ការស្វែងរកកាលានុវត្តភាព និងពង្រីកការវិនិយោគនៅកម្ពុជារបស់តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត ផាន់ ផលា្ល រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព ក្នុងការវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក Brian D. McFeeters ជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជា ការចូលរួមក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត។
លោករដ្ឋលេខាធិការ ផាន់ ផលា្ល ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះការបន្តកិច្ចសន្ទនារវាងធុរជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ និងស្នើសុំឱ្យតំណាងស្ថាប័នក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សា ដើម្បីស្វែងយល់លម្អិត និងជួយជំរុញការដោះស្រាយបញ្ហាប្រឈម ដែលក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក៏ដូចជា ក្រុមហ៊ុនផ្សេងៗទៀត នៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕