សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះនូវផែនការនាំយកស្បៀងអាហារ ក៏ដូចជាជំនួយផ្សេងៗទៀតទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ជាលើកដំបូងតាមរយៈការប្រើយន្តហោះទម្លាក់ពីលើអាកាស។
លោក បៃដិន បានប្រាប់ថា ប្រតិបត្តិការខាងលើនឹងចាប់ផ្តើមក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតអ្វីទៀតឡើយ។ ប្រទេសដទៃទៀត រួមមានហ៊្សកដានីនិងបារាំង គឺបានធ្វើរួចហើយនូវប្រតិបត្តិការនាំយកជំនួយតាមរបៀបនេះ ចូលទៅកាន់តំបន់ Gaza។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានអះអាងថា ការផ្តល់ជំនួយតាមមធ្យោបាយដូចខាងលើ ហ្នឹងជាកិច្ចប្រឹងប្រែងបន្តទៅមុខដោយជាប់លាប់ មិនមែនជាការធ្វើតែម្តងហើយចប់ទៅវិញនោះទេ។ បើតាមលោក Kirby ជំនួយដំបូងដែលនឹងត្រូវទម្លាក់ពីលើអាកាសទំនងជាស្បៀងអាហារ។
យោងតាមការបង្ហើបពីក្រុមមន្រ្តីអាមេរិក ប្រតិបត្តិការទម្លាក់ជំនួយពីលើអាកាសរបស់អាមេរិក អាចចាប់ផ្តើមបើឆាប់បំផុត គឺនៅចុងសប្តាហ៍នេះតែម្តង។ លោក បៃដិន បានឱ្យដឹងថា សហរដ្ឋអាមេរិកក៏កំពុងសិក្សាលើលទ្ធភាព នៃការបង្កើតច្រករបៀងដែនសមុទ្រ ដើម្បីនាំយកជំនួយក្នុងទ្រង់ទ្រាយធំ ចូលទៅកាន់តំបន់ Gaza ផងដែរ។ បើតាមការិយាល័យ UN ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ មនុស្សយ៉ាងហោច៥៧៦,០០០នាក់ នៅតំបន់ Gaza ឬស្មើនឹង១ភាគ៤ នៃប្រជាជនសរុបរបស់ដែនដីប៉ាឡេស្ទីនមួយនេះ កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ស្របពេលដែលជនជាតិប៉ាឡេស្ទីនកំពុងប្រឈមស្ថានការណ៍កាន់តែលំបាកខ្លាំងទៅៗ ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕ ដោយ៖ ធីរីណា