កោះកុង៖ ម្ចាស់ចម្ការម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ព្រោះតែអេស្កាវាទ័របរកិន កំពិតកប់ជាប់ដីល្បាប់ កាលពីថ្ងៃទី២១ កុម្ភៈ ២០២៤ ។ករណីយ៍នេះគ្រួសារសពរងគ្រោះ និងម្ចាស់គ្រឿងចក្របង្កសុំការពន្យាពេលចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ ពីមូលហេតុនៃសាច់រឿង ដោយជាប់ កាន់ទុក្ខឲ្យចប់ពិធីបុណ្យ ៧ថ្ងៃ សិន។ការសុំឲ្យចូលបំភ្លឺការពិតគឹដើម្បីកុំឲ្យមានការយល់ច្រឡំ និងរងការរិះគន់ពីបណ្តាញផ្សព្វផ្សាយមួយចំនួនថារឿងនេះឲ្យទៅជារឿង វិវាទដីធ្លីទៅវិញ ។ នេះបើតាមការអះអាងពី លោក ក្រូច បុរីសីហា អភិបាលស្រុកបុទុមសាគរ បានប្រាប់ កាសែតឲ្យដឹងនៅថ្ងៃទី២៨ កុម្ភៈ ២០២៤នេះ។
លោក យេន តូច អធិការស្រុកបុទុមសាគរ បានបង្ហាញរបាយការណ៍មួយយ៉ាងច្បាស់ការថា ករណីអេស្កាវាទ័រ ថយកិនមនុស្សប្រុសស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៥០នាទី នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុអ្នកបើកបរគ្រឿងចក្រ បានរត់គេចខ្លួន។សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រថយកិនស្លាប់ពិតប្រាកដមែន ដោយអ្នកបើកបរគ្រឿចក្រ ខ្វះការប្រុងប្រយ័ត្ន។
តាមការបំភ្លឺរបស់រដ្ឋបាលស្រុកបុទុមសាគរ ដែលដកស្រង់សម្តីសាច់ញាតិ ជនរងគ្រោះ បានបញ្ជាក់ថា លោក សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយដីចម្ការរបស់គាត់ នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុ មសាគរ ខេត្តកោះកុង ហើយគាត់បានឈរពីក្រោយអេស្កាវាទ័រ នៅពេលនោះអ្នកបើកអេស្កាវាទ័រ បានថយក្រោយ ដោយមិនបានមើល ក៏បានកិនគាត់ស្លាប់តែម្តង។ ហើយការស្លាប់របស់ លោក សាត សាខន នេះ មិនមានការពាក់ព័ន្ធ នឹងការការពារដី ឬការតវ៉ាដីធ្លី ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ ពីព្រោះទីតាំងដីនោះគាត់បានចុះបញ្ជីជាដីមានលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ដែលមានក្បាលដីលេខ ៥៣៩ ចុះបញ្ជីនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ មកម្លេះ ជាប្រភេទដីកសិកម្ម ស្ថិតក្នុងភូមិ ឃុំកើត ហេតុខាងលើ។ករណីខាងលើកនេះកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុក កំពុងស្រាវជ្រាវសាវតាអ្នកបើកបរបង្ករ និងតាមចាប់ខ្លួន យកមកកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ចំពោះវត្ថុតាងគ្រឿងចក្រ (អេស្កាវាទ័រ) យកមករក្សាទុកនៅអធិការដ្ឋាន៕