ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅឯវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំនួន៣ ១៩៩ លានរៀល (ប្រមាណ៧៨ម៉ឺនដុល្លារ) មកប្រគល់ជូនជ័យលាភីមេដាយមាស, មេដាយប្រាក់ និង មេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯក ពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០។ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន។a manet sea game
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីអបអរសាទរកីឡាករ និង កីឡាការិនី ក្នុងពិធី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០»
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខ ឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះយើងទទួល បានមេដាយមាស ៨១ គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និង មេដាយសំរឹទ្ធ ១២៧គ្រឿង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការទទួលបានជ័យជម្នះលើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និង កិត្យានុភាពជាតិ លើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព, ពង្រឹង និង ពង្រីកទំនាក់ទំនងអន្តរជាតិ, និង ជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និង ទំនាក់ទំនងអន្តរជាតិ ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និង ប្រជាជន នៃប្រទេសចូលរួមទាំងអស់។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កីឡារួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និង លើកកម្ពស់ សុខភាពល្អនៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និង ភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ, រស់នៅដោយភាពរីករាយ, ងាយចាប់ យកចំណេះដឹង និង បច្ចេកវិទ្យាថ្មីៗ, មានការតាំងចិត្ត និង ក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនមូលធនមនុស្ស។សំខាន់នៅក្នុងសង្គមកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា, តាមរយៈ ការជំរុញលើកទឹកចិត្ត និងការផ្តល់ ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡា នៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូល ចិត្តកីឡា និងលេងកីឡា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការរីកចម្រើន និងជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ, សម្តេចសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការីនី សម្រាប់យកទៅអនុវត្ត ដូចខាងក្រោម៖
ទី១. ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយ សហព័ន្ធកីឡាជាតិ ត្រូវរៀបចំ យន្តការគាំទ្រ បណ្តុះបណ្តាល និង លើកទឹកចិត្តដល់កីឡាករ និង កីឡាការីនី នៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយ កីឡាជាតិ ទៅក្នុងតំបន់ និង សកលលោក ។ទី២. ក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុក ដាក់ សម្រិតសម្រាំង និង បណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត ។
ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹក ហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់, ពីព្រោះ ការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និង ត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា, ទាំងកម្រិតជាតិ, តំបន់ និង សកល ។
ទី៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និង បទពិសោធ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ា និង ស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និង ការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និង កីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និង កីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុង ព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត ។