ភ្នំពេញ​៖​ តាម​រយៈ​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានប្រកាសប្តេជ្ញាចិត្តក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់ខ្លួនយ៉ាងដូច្នេះថា រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹងខិតខំធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​ប្រទេសក​ម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការ​ក្នុង​រយៈពេល​៨ឆ្នាំ កន្លងមករបស់ខ្លួនអាជ្ញាធរបានបង្រ្កាប​គ្រឿងញៀនគ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំ បាន​ចំនួ​នជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង១២ម៉ឺននាក់។
ក្នុង​ឱកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើកទី៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ហានិភ័យដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញឿន នៅតែបន្តរីករាល​ដាល​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភព​លោក រួមទាំងកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេច​បន្ត​រៀប​ចំ​កសាង​«ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤» ដើម្បីការពារកិត្តិយស កិត្យានុភាព បញ្ចៀស​ឲ្យ​បាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើ​ឲ្យ​បរិយាកាស​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏​ដូច​ជាការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើន​ភាព​កក់​ក្តៅ​នៅ​ក្នុងសង្គម គ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានគោលការណ៍ និងវិធាការ ជា​ច្រើន​ដែល​ត្រូវ​ប្តេជ្ញា​ចិត្ត​រួមគ្នាធ្វើ។
នៅក្នុងគោលការណ៍ជារួម អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធ ភាព​នូវច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជារបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦ ស្តីពី​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និង​បញ្ចៀស​ឲ្យបានមិនឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និង​មិន​ឲ្យ​គ្រឿង​ញៀនបង្កឥទ្ធិពល ញាំញី បំផ្លិតបំផ្លាញសង្គមជាតិ ជាពិសេស​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ឲ្យ​សម្រេច​នូវ​ការ​ប្តេជ្ញាចិត្តថា«កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាត​ស្អំ ​គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និង​សហគមន៍​គ្មាន​គ្រឿង​ញៀន​ជាដើម»។
នៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្តេជ្ញាខិតខំស្វែងរកគ្រប់ មធ្យោ​បាយទាំងអស់ ដើម្បីអប់រំបំផុសចលនា លើកទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ច្រើន​កុះករ​ពី​គ្រប់​សមាស​ភាព​នៃ​សង្គមសំដៅបង្កើតបានជាកម្លាំងសុរប មធ្យោបាយសរុប វិធានការសរុប ជា​ពិសេស​ស្រទាប់​យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក«៣កុំ ១​រាយការណ៍»។
ជាមួយគ្នានេះ​ អាជ្ញាធរប្តេជ្ញាជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ«ភូមិ-ឃុំសង្កាត់ មាន​សុវត្ថិភាព»ឲ្យបានសកម្មបន្ថែមទៀត ដោយផុសផុលតាមគ្រប់រូបភាព គ្រប់​ទី​កន្លែង​ដោយ​ចំ​គោល​ដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាប យក់​ដឹង​អំពី​គ្រោះថ្នាក់ ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគញ្រឿងញៀន ឆ្លើយ​បដិ​សេធ​ចំពោះ​គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនជាដើម។
បើ​តាម​របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លទ្ធផលនៃការ អនុវត្ត​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ (២០១៧-២០២៣) កម្លាំង​អនុវត្ត​ច្បាប់​បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​៥៥.៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១២០.៣០៧នាក់ ចាប់​យក​សារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ប្រ មាណ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥​គីឡូក្រាម​​រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងជាច្រើនទៀត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *