ខេត្តបន្ទាយមានជ័យយ៖ បុគ្គលិកកាស៊ីណូ៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយទទួលបានព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថា មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៨​ខែកុម្ភៈ​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះដល់កន្លែងកើតហេតុហើយបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់​ ១-ឈ្មោះ សូឆាត អនរ៉ាឈុល ហៅត ភេទប្រុស អាយុ២៥ឆ្នាំ​ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ,២-ឈ្មោះ ផុងសាកន ក្វាន់អ៊ួន ហៅទឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ,​ ៣-ឈ្មោះ ប៉ាន់យ៉ា ដេតសុផា ហៅសៃហ្វា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន​៖ ១-គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,០២ក្រាម,​ ២-ទូរស័ព្ទ ចំនួន០៤គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខ្មៅ, ម៉ាកSAMSUNG ពណ៌ខ្មៅ, ម៉ាកIPHONE13 ពណ៌បៃតងចាស់),​ ៣-នាឡិកាដៃចំនួន០២គ្រឿង,​ ៤-ខ្សែដៃលោហធាតុពណ៌ស ចំនួន០១,​ ៥-ខ្សែកប្រភេទខ្សែពណ៌ខ្មៅ មានបណ្តោងរូបព្រះចំនួន០២ខ្សែ,៦​ -កាបូបស្ពាយ ចំនួន០១ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន​ទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព​រួមនឹងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យទាំង៣នាក់ខាងលើ​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *