ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្ស ២៣​នាក់​បាន​ទៅតាម​កុងម៉ា ត្រឹមតែ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ចុង​សប្ដាហ៍​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង ២៣​នាក់​នោះ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​សរុប​ចំនួន ៣៥​ករណី នៅ​ទូទាំងប្រទេស​។ ក្រៅពី​បណ្ដាល​ឱ្យស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣​ថ្ងៃនេះ ក៏បាន​បណ្ដាលឱ្យមានរ​បួស​ចំនួន ៤១​នាក់​ផងដែរ ទាំង​របួសធ្ងន់ និង​ស្រាល ដែល​មកដល់ពេលនេះ មាន​ខ្លះ​កំពុង​ទទួល​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅឡើយ ខ្លះ​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ​។

ថ្ងៃទី​១១ ជា​ថ្ងៃទី​១ កើត​គ្រោះថ្នាក់​ច្រើនជាងគេ មាន​ចំនួន ១៤​ករណី បណ្ដាលឱ្យ​ស្លាប់​ចំនួន ៩​នាក់ និង​របួស ២៤​នាក់​។ បន្ទាប់មក នៅ​ថ្ងៃទី​១០ ជា​ថ្ងៃ​កណ្ដាល មាន​អ្នកស្លាប់​ចំនួន​៨​នាក់ និង​របួស ៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​សរុប ១០​ករណី​។ ចំណែក​ថ្ងៃទី​៩ ជា​ថ្ងៃ​ដំបូង មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១១​ករណី ស្លាប់​៦​នាក់ និង​របួស​១១​នាក់​។

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បន្តទៀតថា បញ្ហា​ចរាចរណ៍​នៅតែ​ជា​កង្វល់ ដែល​ត្រូវ​ពង្រឹង​ច្បាប់​មិនអាច​ដើរ​ថយក្រោយ​។ បញ្ហា​នេះ​ជា​របៀបវារៈ​អាទិភាព​មួយ​ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង​៦(​បញ្ហា​គ្រឿងញៀន បញ្ហា​ចរាចរណ៍ បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ​នានា ករណី​ក្មេង​ទំនើង ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​តាម​បន្ទាត់​ព្រំដែន​ទាំង​គោក និង​ទឹក​) របស់​ក្រសួងមហាផ្ទៃ​។

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស​សរុប ៣,៣១៧​លើក (​យប់​៥៥%) បណ្តាលឱ្យមាន​អ្នកស្លាប់ ១,៥៩០​នាក់ និង​របួស ៤,៥១៥​នាក់ (​ធ្ងន់​២,៧៦៦​នាក់​)​។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ទាំងនោះ មានដូចជា បើកបរ​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ​ប្រជែង​គ្រោះថ្នាក់ កត្តា​យាន និង​ស្រវឹង​ជាដើម​។ ក្នុងចំណោម​អ្នកស្លាប់​សរុប មាន​អ្នកជិះ​ម៉ូតូ ៨០% ក្នុងនោះ​ជិះ​ម៉ូតូ​មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ៦៩%៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *