សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋ Johor និងរដ្ឋ Sabah គឺជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៉ី ដែលរងគ្រោះដោយសារតែទឹកជំនន់ ដោយចំនួនសរុបកើនដល់៦រដ្ឋ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ចេញពីរដ្ឋទាំង ៦កើនឡើងដល់ ២៨,៣១០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ។
ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ម៉ាឡេស៉ី (Nadma) បានឱ្យដឹងថា Kelantan គឺជារដ្ឋដែលមានអ្នកជម្លៀសខ្លួនច្រើនជាងគេគឺចំនួន ១៧,៤៦៦នាក់ ស្នាក់នៅក្នុងចំណោមមជ្ឈមណ្ឌលសង្រ្គោះបណ្តោះអាសន្នទាំង ៨៩កន្លែង។ រីឯអ្នកជម្លៀសខ្លួនមកពីរដ្ឋ Terengganu បានថយចុះមកនៅត្រឹមចំនួន ១០,១០៣នាក់។ ចំណែកអ្នកមកពីរដ្ឋ Pahang មានចំនួន ៤៨៥នាក់ ស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្រ្គោះបណ្តោះអាសន្នចំនួន ៩កន្លែង។
រដ្ឋ Sabah មានចំនួន១៦៩នាក់ ស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន៣កន្លែង ខណៈដែលអ្នកមកពីរដ្ឋ Johor មាន៨៣នាក់ ស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នមួយកន្លែង។ ដោយឡែកមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នទាំង៩ក្នុងរដ្ឋ Pahang នៅតែបើកទ្វារ ហើយមួយក្នុងចំណោមនោះដែលស្ថិតនៅតំបន់ Cameron Highlands បានបន្តផ្តល់កន្លែងស្នាក់សម្រាប់ជនរងគ្រោះ៨៧នាក់ដែលត្រូវផ្លាស់ទីលំនៅព្រោះតែបំណាក់ដី។
ភ្លៀងដែលកំពុងបន្តធ្លាក់ ក៏ត្រូវបានគេរំពឹងថានឹងកើតឡើងនៅទូទាំងរដ្ឋ Terengganu រដ្ឋ Pahang និងរដ្ឋ Johor របស់ម៉ាឡេស៉ី៕ ដោយ៖ ធីរីណា