ខេត្តព្រះសីហនុ ៖ បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។
សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។
បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។
ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនេះ សម្ដេចតេជោ ទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕