ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន(Passport) ឬពន្យាលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ ។ ការបញ្ជាក់របស់ក្រសួងដូចនេះ គឺធ្វើឡើងនៅចំទិវាពលករទេសន្តរ ប្រវេសន៍អន្តរជាតិលើកទី២៤ ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការ សម្របសម្រួល ឱ្យមានការធ្វើលិខិតឆ្លងដែនពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើ ដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំ ណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្ត ទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ ។
សូមរំលឹកថា ការប្រកាសដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេលដែល សម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែង ក្នុងវេទិកាជួបជុំកម្មកររោងចក្រប្រមាណ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ដោយសម្រេចអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យ មន្រ្តីជំនាញ ពាក់ព័ន្ធបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជា មានពលករកំពុង បម្រើការងារនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះថៃមានប្រមាណ ១,២លាននាក់,កូរ៉េខាងត្បូង ៥ម៉ឺននាក់,ម៉ាឡេស៊ីជាង២ម៉ឺននាក់និងប្រទេសជប៉ុនប្រមាណ២ម៉ឺននាក់និងបណ្តាប្រទេសនិងដែនដីផ្សេងៗទៀត ។ បើតាមការបញ្ជាក់ ពលករកម្ពុជាប្រមាណជាង ១.៣លាន នាក់នេះ បានបញ្ជូនថវិកាចូលក្នុងស្រុកប្រមាណជាង ២ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ ៕