អាជ្ញាធរថៃបាននិយាយថា ពួកគេបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០លានគ្រាប់នៅជិតព្រំដែនប្រទេសជាមួយមីយ៉ាន់ម៉ា ។ នេះជាចំនួនថ្នាំញៀនដែលថៃចាប់បានច្រើនជាងគេទីពីរនៅអាស៊ី។
កាលពីថ្ងៃទី 12 ខែធ្នូ ប៉ូលិសនិងទាហានថៃបានបញ្ឈប់ឡានដឹកទំនិញកង់ ៦ នៅឯកន្លែងត្រួតពិនិត្យសន្តិសុខមួយក្នុងខេត្ត Kanchanaburi ភាគខាងលិច ហើយបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនចំនួន 50 លានគ្រាប់ត្រូវបានដឹកជញ្ជូនដាក់នៅក្នុងបាវដ៏ធំមួយនៅលើរថយន្ត។ បុរសម្នាក់និងស្ត្រីម្នាក់ដែលជិះក្នុងរថយន្តក៏ត្រូវចាប់ខ្លួនដែរ ។
យោងតាមលោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មបានឱ្យដឹងថា បើនិយាយពីការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសខាងលើគឺទីពីរបន្ទាប់ពីករណីថ្នាំគ្រាប់ចំនួន 55 លានគ្រាប់តំបន់ត្រីកោណមាស។
លោក Douglas បាននិយាយថា អង្គការឧក្រិដ្ឋជនអាស៊ីបានសហការជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដើម្បីរត់ពន្ធគ្រឿងញៀន។ គ្រឿងញៀនទាំងនោះត្រូវបានផលិតនិងដឹកជញ្ជូនទៅភាគខាងត្បូងពីរដ្ឋសានភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ លោក Douglas បានបន្ថែមថា បណ្តាញចែកចាយបានទៅដល់ប្រទេសជប៉ុននិងនូវែលសេឡង់។
លោកបានបន្តថា៖ «ពួកគេបានសម្របសម្រួលគ្នាពីមុនហើយរកប្រាក់ដើម្បីពង្រីកបណ្តាញផលិតកម្ម»។
លោក Douglas បាននិយាយថា ការចាប់ខ្លួនដែលធ្វើឡើងដោយអាជ្ញាធរមានផលប៉ះពាល់តិចតួចបំផុតលើការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ ខណៈដែលក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំកំពុងបង្កើនការផ្គត់ផ្គង់និងកាត់បន្ថយថ្លៃដើមនៃគ្រឿងញៀន។
ក្រៅពីនេះ លោកបាននិយាយថា អស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021 ក៏បានបង្កើតលក្ខខណ្ឌសម្រាប់អ្នករត់ពន្ធដើម្បីពង្រីកផ្លូវ និងវិសាលភាពនៃប្រតិបត្តិការរបស់ពួកគេ៕ ដោយ៖ ធីរីណា