ភ្នំពេញ​៖​ លោកបណ្ឌិត​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា៖​ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨នាក់ (ស្រី ៤៣ នាក់)។
លោកបណ្ឌិត​ គឹម​ សន្តិភាព​ បានថ្លែង​គូសបញ្ជាក់​ថា​ ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ រួមមាន​ដូចខាងក្រោម​៖
•ការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់)
•ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់)

  • ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់)
  • ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)
  • ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)
    •លើកលែងទោស ស្ត្រី០១ នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។
    ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
    ១៖ ចំពោះបទល្មើសទូទៅ
  • ឧក្រិដ្ឋជនគ្រឿងញៀន
  • អំពើសាហាវយង់ឃ្នង
  • ករណីមិនរាងចាល
  • ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
  • ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
  • ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ
    ២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
  • ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
  • ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
  • ជនរងគ្រោះជាសាច់សាលោហិត
  • ករណីរំលោភបូក
  • ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *