សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា បារាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានថ្កោលទោសចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលនៅក្នុងតំបន់ West Bank ដោយចាត់ទុកថានេះជាគោលនយោបាយបំភិតបំភ័យក្នុងគោលបំណងបណ្ដេញជនជាតិប៉ាឡេស្ទីន។
តាមតួលេខផ្ដល់ដោយអង្គការសហប្រជាជាតិ អំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលបានកើនឡើងទ្វេដង ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក។ ក្នុងសនិ្នសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី អានក្លែរ ឡេហ្សង់ (Anne-Claire Legendre) បានគូសបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងតំបន់ West Bank ខ្ញុំសូមសម្ដែងការថ្កោលទោសយ៉ាងខ្លាំងពីបារាំង ចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន។ អំពើហិង្សាមានគោលដៅយ៉ាងច្បាស់ក្នុងការបណ្ដេញជនជាតិប៉ាឡេស្ទីន ហើយជាគោលនយោបាយបំភិតបំភ័យ មួយ»។
អ្នកនាំពាក្យក្រសួងការបរទេសបារាំងរូបនេះក៏បានជំរុញផងដែរថាអាជ្ញាធរអ៉ីស្រាអែលត្រូវចាត់វិធានការចាំបាច់នានាដើម្បីការពារប្រជាជនប៉ាឡេស្ទីន តែបានព្រមានថា គោលនយោបាយតាំងទីលំនៅខុសច្បាប់បានបំផ្លាញដំណោះស្រាយរដ្ឋ២។
តាមតួលេខរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលជនជាតិប៉ាឡេស្ទីនក្នុងតំបន់ West Bank ស្លាប់ច្រើនបំផុតដោយសារអំពើហិង្សានារយៈពេលជាង១៥ឆ្នាំមកនេះ ក្នុងនោះមានជនជាតិប៉ាឡេស្ទីនជាង២០០នាក់ត្រូវបានសម្លាប់ ខណៈដែលជនជាតិអ៉ីស្រាអែល ២៦នាក់ត្រូវបានសម្លាប់។
ប៉ុន្តែ ត្រឹមតែ៣សប្ដាហ៍នេះចាប់តាំងពីសង្រ្គាមអ៉ីស្រាអែលនិងហាម៉ាស់ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់១២០នាក់ហើយ ក្នុងតំបន់ West Bank ហើយការស្លាប់ភាគច្រើនបណ្ដាលមកពីការប៉ះទង្គិចគ្នាជាមួយទាហានអ៉ីស្រាអែល។ នេះមិនទាន់រាប់បញ្ចូលចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាផង៕ ដោយ៖ធីរីណា