សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា មនុស្សចំនួន២៥នាក់បានបាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតបានទទួលរងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគ្រោះអគ្គិភ័យបានឆាបឆេះអគារមួយកន្លែង ស្ថិតក្នុងខេត្ត Shanxi នៅភាគខាងជើងប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយ CCTV ដោយផ្អែកលើប្រភពពីអាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះអគារកម្ពស់៤ជាន់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធ្យូងថ្ម Yongju នៅសង្កាត់ Lishi ក្នុងទីក្រុង Luliang នៃខេត្ត Shanxi កាលពីវេលាម៉ោងប្រហែល ៦៖៥០នាទីព្រឹក។ យោងតាមប្រភពដដែល មកទល់ពេលនេះ មនុស្ស២៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស៥១នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្ត ខណៈមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនោះកំពុងស្ថិតក្រោមការស៉ើបអង្កេត។ បើយោងតាមរូបភាព អគារដែលរងការឆាបឆេះ គឺជាអគារទីស្នាក់ការរបស់ក្រុមហ៊ុនធ្យូងថ្ម Yongju។
កាលពីខែកក្កដា ឆ្នាំនេះ មនុស្ស១១នាក់បានស្លាប់ បន្ទាប់ពីដំបូលកន្លែងលេងកីឡារបស់សាលារៀនមួយបានបាក់ស្រុតនៅតំបន់ភាគឦសានប្រទេសចិន។ រីឯនៅមួយខែមុននោះ ហេតុការណ៍ផ្ទុះនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែង ក្នុងតំបន់ភាគពាយព្យប្រទេសចិន បានសម្លាប់មនុស្ស៣១នាក់ ខណៈកាលពីខែមេសា ករណីគ្រោះអគ្គិភ័យនៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានីប៉េកាំង បានផ្តាច់ជីវិតមនុស្ស២៩នាក់៕ ដោយ៖ ធីរីណា