ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះមួយ បានចុះស្រាវជ្រាវករណីបាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។ អាចនិយាយបានថា ជាជើងខ្លាំង ១រូប បាញ់បោះសេរីច្រើនលើកតែគ្មានសមត្ថកិច្ចណាហ៊ានចាត់វិធានការ។
របាយការណ៍ឲ្យដឹងថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទី ចំណុចផ្ទះលំហែស្ថិតនៅភូមិ ថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញកម្លាំងជំនាញបានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង១៦:០០នាទី រហូតដល់យប់ជ្រៅ ក្នុងកម្មពិធីខួបកំណើតរបស់ម្ចាស់ ផ្ទះឈ្មោះ ឆាយ ។
តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុសអាយុ៦៤ឆ្នាំ និង ប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុឲ្យដឹងថា នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ឈ្មោះ ឆាយ បានធ្វើដំណើរមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០ នាក់ មានស្រី,មានប្រុស មកចូលរួមផឹកស៊ីផងដែរ។ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែលពេលដែលពួកគាត់(អ្នកចាំដី)ជួយរៀបចំផ្ទះ លាង ចាន-ឆ្នាំងឲ្យគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា ។
របាយការណ៍ស្រង់សំដីអ្នកចាំផ្ទះបន្តទៀតថា នៅពេលពួកគាត់កំពុងសំរាក ស្រាប់តែនៅវេលាម៉ោងប្រហែល ២១ ថ្ងៃខែឆ្នាំដដែល ពួកគាត់បានឮសូរសំលេងបាញ់ កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថា អ្នកណាជាអ្នកបាញ់នោះដែរ។ ពួកគាត់និយាយបន្តទៀតថា កន្លងមកឲ្យតែម្ចាស់ផ្ទះឲ្យតែមាន កម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។
តាមការបំភ្លឺពីឈ្មោះ អ៊ុំ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងារឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។
+វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន ៖
-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់
-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់
-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។
ករណីខាងលើគណ:កម្មការ បានចាប់យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវបន្ត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *