ត៌មានជាតិក្រុមហ៊ុនចិនមួយបោះទុន ៥០០ លានដុល្លារផលិតសំបកកង់រថយន្តនៅកម្ពុជាបានផុស ៣០ វិនាទី មុន នៅ ថ្ងៃចន្ទ ១៣ វិច្ឆិកា ២០២៣ ដោយ deth leng
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា ក្រុមហ៊ុនចិនធំមួយបានឯកភាពរួចហើយដោយគ្រោងបោះទុនប្រមាណ ៥០០ លានដុល្លារអាមេរិកផលិតសំបកកង់រថយន្តដើម្បីបង្កើនការផលិតនៅកម្ពុជា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សម្ដេចធិបតីបញ្ជាក់ថា នេះជាការវិវត្តទៅមុខ ខណៈរដ្ឋាភិបាលមិនចង់នាំចេញវត្ថុធាតុដើមជាកៅស៊ូ ហើយចង់បានផលិតផលសម្រេច ដែលនេះជាការវិវត្តទៅដល់វិស័យកសិឧស្សាហកម្ម។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ រួមមាន៖ រោងចក្រ Cart Tire Co., Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៣៥០លានដុល្លារអាមេរិក គ្រោងពង្រីក ២០០ លានដុល្លារបន្ថែមទៀត។ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ក្រោមទំហំទុន៣០០លានដុល្លារ នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន NEWBUSTAR (Cambodia) ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះទុនវិនិយោគ ១៣៨ លានដុល្លារកំពុងសាងសង់។
ទោះយ៉ាងណាសម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់បន្ថែមថា វត្ថុធាតុដើមក្នុងស្រុកនៅមានកម្រិតតិចនៅឡើយសម្រាប់ប្រើប្រាស់បានត្រឹមពី ២០ ទៅ ៣០ ភាគរយដោយសារបញ្ហាបច្ចេកទេស។
សម្ដេចអះអាងថា នៅពេលខាងមុខកម្ពុជានៅមានសក្ដានុពលធំណាស់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មិនចាំបាច់នាំកៅស៊ូចេញទៅក្រៅប្រទេស គឺយកចូលមករោងចក្រផលិតសម្ភារកង់រថយន្តក្នុងស្រុកតែម្ដង។
សម្ដេចក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ និងសមាគមកៅស៊ូបង្កើតយន្តការមួយធ្វើយ៉ាងណាសម្របសម្រួលដោះស្រាយបញ្ហាបច្ចេកទេស បញ្ហាផ្សេងៗដើម្បីធានាខ្សែងច្រវាក់ផលិតកម្មចាប់តាំងពីអ្នកដាំរហូតមកដល់កន្លែងកែច្នៃ ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការក្នុងស្រុក៕