ថ្ងៃនេះ ព្រះមហាក្សត្រ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងហើយ

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ។ ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ នាព្រឹកថ្ងៃនេះ មានវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមទាំងសម្ដេចក្រឡាហោម សម្ដេចពិជ័យសេនា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នាពេលនេះ តបតាមការសូមយាងរបស់លោក Emmanuel MACRON ប្រធានាធិបតីបារាំង។ អញ្ជើញចូលរួមដង្ហែព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។

ព្រះរាជទស្សនកិច្ច ជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា នឹងមានព្រះរាជសវនាការជាមួយលោក Emmanuel MACRON នៅវិមានប្រធានាធិបតី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *