ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​មេដឹកនាំ​អ៊ីរ៉ង់​និង​អា​រ៉ាប៊ីសាអូឌីត ជាគូ​ប្រជែង​នៅក្នុង​តំបន់​ដែល​ទើបតែ​បាន​ស្តារ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​នេះ បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត នៅ​ជំនួប​កំពូល​មួយ​ដែល​ពួកគេ​បាន​អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​មួយ​ជា​បន្ទាន់​នៅ​ហ្កា​ហ្សា​និង​បញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ចូល​ទឹកដី​ប៉ាឡេ​ស្ទីន​ដែល​អ៊ីស្រាអែល​បិទ​ខ្ទប់​នេះ​។​

​សូមបញ្ជាក់​ថា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ទាំងពីរ ទើប​ប្រកាស​ស្តារ​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើង​វិញ​កាលពី​ខែ​មីនា តែ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​លើ​ហ្កា​ហ្សា ទំនងជា​កាន់តែ​ធ្វើអោយ​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​ត្រូវរ៉ូវ​គ្នា​កាន់តែ​លឿន​ឡើង​។​

ប្រធានាធិបតី​អ៊ីរ៉ង់​លោក អ៊ីប្រាហ៊ីម រ៉ា​យ​ស៊ី (Ebrahim Raisi) ត្រូវបាន​ស្វាគមន៍​នៅ​ជំនួប​កំពូល​ដោយ​មេដឹកនាំ​តាម​ការជាក់ស្តែង​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េដ ប៊ីន សាល់​ម៉ាន់​។​មេដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​ជា​លើកដំបូង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រោយ​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស​ចូល​អ៊ីស្រាអែល​កាលពី​ថ្ងៃ​៧​តុលា​។ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ខែ​មីនា​ថា​លោក​រ៉ា​យ​ស៊ី​បាន​ទទួល​ការអញ្ជើញ​មួយ​អោយ​ទៅ​ធ្វើ​ទស្សនកិច្ច​អា​រ៉ាប៊ីសាអូឌីត ក្រោយ​ប្រទេស​ទាំង​ពីរ​ប្រកាស​បន្ត​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ​។​

​សូមបញ្ជាក់​ថា សង្គ្រាម​បាន​ចាប់ផ្តើម​ក្រោយ​ពួក​ហា​ម៉ា​សវាយ​ចូល​អ៊ី​ស្រា​អែល​ខាងត្បូង​កាលពី​ថ្ងៃ​៧​តុលា ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​១.២០០​នាក់​និង​ចាប់​មនុស្ស​ប្រមាណ​២៤០ធ្វើជា​ចំណាប់ខ្មាំង​។​

​ចាប់តាំងពី​ពេលនោះ អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​រាប់ពាន់​គ្រាប់​លើ​តំបន់​ហ្កា​ហ្សា បិទ​ខ្ទប់​តំបន់​នេះ​ដោយ​កាត់ផ្តាច់​ទឹក ស្បៀង ប្រេង​និង​របស់​របរត្រូវការ​ចាំបាច់​ផ្សេងៗ​។​បូក​រួម​ទាំង​ការវាយប្រហារ​ជើងគោក​នៅពេល​ក្រោយ​មកទៀត ជន​ប៉ាឡេ​ស្ទីន​ជាង​១១.០០០​នាក់​ស្លាប់ ភាគច្រើន​ជា​កុមារ​និង​ស្ត្រី ។​

​នៅ​ជំនួប​នៅ​ក្រុង​រី​យ៉ាដ លោក​រ៉ា​យ​ស៊ី បាន​រិះគន់​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​នៅ​ស្ងៀម​សំរាប់​អ្វី​ដែល​លោក​ហៅថា អំពើហិង្សា​ប្រព្រឹត្តឡើង​ដោយ​អ៊ីស្រាអែល​លើ​ជន​ស៊ីវិល​ប៉ាឡេ​ស្ទីន​នៅ​ហ្កា​ហ្សា​។​

​អ៊ីស្រាអែល​និង​អាម៉េរិក ប្រឆាំង​នឹង​បទ​ឈប់​បាញ់​ណាមួយ​សំរាប់​ពេល​ឥឡូវ ដោយ​ថា​ការ​ធ្វើ​ដូច្នេះ​វា​នឹង​ទុកពេល​អោយ​ពួក​ហា​ម៉ាស​រៀបចំ​កម្លាំង​ឡើងវិញ ទោះជា​យ៉ាងណា​ក្រោម​សម្ពាធ​ពី​អាម៉េរិក អ៊ីស្រាអែល​អនុញ្ញាតអោយ​មាន​ការផ្អាក​ការប្រយុទ្ធ​បណ្តោះអាសន្ន​តាមការជាក់ស្តែងសំរាប់​មនុស្ស​ធម៌ គឺ​អនុញ្ញាត​អោយ​ប្រជាជន​ចាកចេញ​ពី​តំបន់​ប្រយុទ្ធ​និង​ការហូរចូល​ជំនួយ​មនុស្សធម៌ខ្លះ​ទៅក្នុងតំបន់ហ្កាហ្សា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *