ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅពេល​យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក​ហោះ​ពីលើ​ដោយ​តាមដាន​សភាពការណ៍​ជាប់ នាវា​កង​ឆ្មាំ​សមុទ្រ​និង​នាវា​ប្រហែលទៅពីកងជីវពលសមុទ្រ​ចិន​បាន​ដេញ​តាម ខា​ឃាំង​និង​ឡោមព័ទ្ធ​នាវា​ហ្វីលីពីន​ដែល​ព្យាយាម​នាំ​គ្រឿង​ផ្គត់ផ្គង់​ទៅ​អោយ​ទាហាន​ឈរជើង​នៅ​តំបន់​ទឹក​រាក់​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ទាំង​ពីរ​អះអាងថា​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។​

​ក្នុង​ការប្រឈមមុខ​គ្នា​អស់បួន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​បាន​បាញ់​ទឹក​ដាក់​ទូក​ហ្វីលីពីន​មួយ​ដែល​ព្យាយាម​ចូល​ទី​កាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ា​សសូល​ទី​ពីរ​។​

​សូមបញ្ជាក់​ថា ចិន​អះអាង​ដែនទឹក​ធំ​ល្វឹងល្វើយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជាន់​លើ​ការអះអាង​របស់​ប្រទេស​ក្បែរ​ខាង​មួយចំនួន រួម​ទាំង​ហ្វីលីពីន​។​អាម៉េរិក ជា​សម្ពន្ធមិត្ត​ចាស់វស្សា​របស់​ហ្វីលីពីន ហើយ​តែងតែ​បញ្ជូន​នាវា​និង​យន្តហោះ​មក​បើកនិងហោះ​កាត់​តំបន់​នេះ​ដើម្បី​ប្រឆាំង​ការអះអាង​របស់​ចិន​ ក៏ដូចជាជំរុញ​សេរីភាព​នាវាចរណ៍​ និង​ការហោះ​កាត់​។​

​ក្រៅពី​បង្កើន​កិច្ចសហការ​យោធា​ជាមួយ​ហ្វីលីពីន អាម៉េរិក​ក៏​ធានា​ថា​ខ្លួន​នឹង​ការពារ​សម្ពន្ធមិត្ត​របស់ខ្លួន ក្នុងករណី​ហ្វីលីពីន​រង​ការវាយប្រហារ​ប្រដាប់អាវុធ។​

​មាន​ការព្រួយបារម្ភ​ថា ការប្រឈមមុខ​គ្នា​កាន់តែ​ញឹកញាប់​ឡើង​អំពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ា​សសូល​ទី​ពីរ​(Second Thomas Shoal)​អាច​នឹង​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ណា​មួយ​ដោយ​រុញ​ចិន​អោយ​ប្រឈមុខ​ជាមួយ​អាម៉េរិ​ក​។​

​មន្ត្រី​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ពួកគេ​នឹង​មិន​ចាត់​វិធានការ​ណា​ដែល​នឹង​បង្ក​អោយមាន​ជម្លោះ​ធំ​ឡើង​តែ​ក៏​មិន​រាថយ​ក្នុង​ការការពារ​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ។​

​ទោះជា​វា​ចិន​រារាំង ក៏​ក្រុម​នាវា​និង​ទូក​ហ្វីលីពីន​នៅតែ​អាច​ចូល​ទៅ​ដល់​នាវាចម្បាំង​កញ្ចាស់​BRP Sierra Madre ដែល​មាន​ទាហាន​ម៉ា​រី​ន​មួយក្រុម​តូច​ឈរជើង​នៅ​ទីនោះ​និង​បាន​ចាក​ចេញ​មក​វិញ​ដោយ​គ្មាន​ឧបទ្ទវហេតុ​។​

​សូមបញ្ជាក់​ថា ចិន​បាន​ប្រាប់​អោយ​រដ្ឋាភិបាល​ទី​ក្រុង​ម៉ានីល​អូស​នាវា​កញ្ចាស់​នេះ​ចេញពី​ដែនទឹក​របស់ខ្លួន តែ​ហ្វីលីពីន​មិន​ព្រម​។​នាវ​ាចម្បាំង​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ ដែល​អាម៉េរិក​ផ្តល់​អោយ​នេះ​អាច​នៅ​ដំណើរការបានខ្លះ ដូច្នេះ​បើ​មាន​ការវាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ វា​មានន័យថា​ជា​«​អំពើ​សង្គ្រាម​»​។​

​ហ្វីលីពីន​បាន​នាំ​អ្នកកាសែត​បរទេស​និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​តាម​នាវា​បី​គ្រឿង​របស់​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ដើម្បី​ជួយ​ធ្វើ​ជា​សាក្សី​នៃ​ការដឹកនាំ​គ្រឿង​ផ្គត់ផ្គង់​ទៅកាន់​នាវា​BRP Sierra Madre​។​កាលពី​ថ្ងៃ​សុក្រ នាវា​ចិន​ប្រមាណ​៣៨​គ្រឿង​ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់​ជុំវិញ​Second Thomas Shoal រួម​មាន​នាវា​ប្រយុទ្ធ​ធុន​លឿន​មួយ​របស់​កង​នាវា​ចិននិង​នាវា​ពេទ្យ​មួយ​ផង​ នេះ​បើ​តាម​ការអះអាង​របស់​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​។​

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រតិកម្ម​នឹង​ការប្រឈមមុខ​គ្នា​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បញ្ជាក់​ឡើងវិញ​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​ការការពារ​សម្ពន្ធ​មិត្ត​ចាស់​បំផុត​នៅ​អាស៊ី​របស់ខ្លួន ក្នុង​ការ​ប្រឈម​នឹង​ការរំខាន​ឥត​ឈប់​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្រសួងការបរទេស​អាម៉េរិ​ក បាន​ធ្វើ​ការព្រមាន​ជា​ថ្មី​ថា «​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មាន​កាតព្វកិច្ច​ការពារ​ហ្វីលីពីន​ក្រោម​សន្ធិសញ្ញា​ការពារ​គ្នា​ឆ្នាំ​១៩៥១ បើសិនជា​កងកម្លាំង នាវា​រដ្ឋ​និង​យន្តហោះ​ចម្បាំង​ហ្វីលីពីន រួម​ទាំង​នាវា​នៅក្នុង​កង​ឆ្មាំ​សមុទ្រហ្វីលីពីន រង​ការវាយប្រហារ​ប្រដាប់អាវុធ​នៅ​កន្លែង​ណា​ក៏ដោយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *