ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមគ្រូពេទ្យវះកាត់នៅទីក្រុងញូវយ៉កបានធ្វើការវះកាត់ប្តូរគ្រាប់ភ្នែកទាំងមូលជាលើកដំបូងលើពិភពលោកក្នុងដំណើរការមួយ ដែលត្រូវបានសាទរយ៉ាងទូលំទូលាយថាជារបកគំហើញផ្នែកវេជ្ជសាស្ដ្រ បើទោះបីជាគេមិនទាន់ដឹងថាតើបុរសនោះនឹងអាចមើលឃើញតាមរយៈភ្នែកបរិច្ចាគឬយ៉ាងណាក៏ដោយ។
ការវះកាត់ជាលើកដំបូងនេះគឺពាក់ព័ន្ធនឹងការវះផ្នែកនៃផ្ទៃមុខនិងកែវភ្នែកខាងឆ្វេងទាំងមូលចេញ រួមទាំងការផ្គត់ផ្គង់ឈាមនិងសរសៃប្រសាទអុបទិករបស់ម្ចាស់បរិច្ចាគ និង ផ្សាំវាទៅលើជាងអគ្គិសនីម្នាក់មកពីរដ្ឋអាកាន់សាស ដែលបានរួចរស់ជីវិតពីការឆក់អគ្គិសនី ៧.២០០ វ៉ុលកាលពីខែមិថុនា ឆ្នាំ២០២១។
លោក អារ៉ុន ជែមស៍ (Aaron James) អាយុ ៤៦ ឆ្នាំបានរងរបួសយ៉ាងធ្ងន់ធ្ងររួមទាំងការបាត់បង់ភ្នែកខាងឆ្វេងរបស់គាត់ ដៃឆ្វេងរបស់គាត់ពីលើកែងដៃ ច្រមុះ និងបបូរមាត់របស់គាត់ ធ្មេញមុខ ថ្ពាល់ឆ្វេង និងចង្កា។
គាត់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេសម្រាប់ការប្តូរផ្ទៃមុខ NYU Langone Health ដែលបានអនុវត្តការវះកាត់នៅថ្ងៃទី ២៧ ខែឧសភា។
ការប្តូរភ្នែកទាំងមូលគឺជារឿងមិនអាចធ្វើទៅបានខាងវិទ្យាសាស្ត្រវេជ្ជសាស្ត្រតាំងពីយូរយារណាស់មកហើយ ហើយទោះបីជាអ្នកស្រាវជ្រាវបានទទួលជោគជ័យខ្លះក្នុងការស្តារចក្ខុមួយផ្នែកឡើងវិញដល់សត្វក៏ដោយ ក៏ប៉ុន្តែគេមិនដែលអនុវត្តលើមនុស្សរស់ពីមុននោះឡើយ។
លោក អេឌូអាដូ រ៉ូឌ្រីហ្គេស (Eduardo Rodriguez) ដែលដឹកនាំការវះកាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយថា “វាជាដែនដីមិនធ្លាប់ស្គាល់ពីមុនមក ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការរុករក” ។
លោករ៉ូឌ្រីហ្គេសបាននិយាយថា វាគឺជាការវះកាត់ប្តូរមុខលើកទីប្រាំរបស់គាត់ហើយ “យើងអាចកាត់បន្ថយពេលវេលាពីកន្លែងដែលខ្ញុំបានចាប់ផ្តើមក្នុងឆ្នាំ ២០១២ ពី ៣៦ ម៉ោង មកត្រឹម ២១ ម៉ោង” ដោយបន្ថែមថា ការវះកាត់ប្តូរមុខមិនមែនជាការវះកាត់ពិសោធន៍ទៀតទេ ហើយគួរតែត្រូវបានចាត់ទុកជាស្តង់ដារនៃការថែទាំ” ក្នុងករណីខ្លះនៃការខូចមុខធ្ងន់ធ្ងរ។
លោកស្រីវេជ្ជបណ្ឌិត វ៉ាអ៊ីដេហ៊ី ដេដានៀ (Vaidehi Dedania) អ្នកជំនាញផ្នែកកែវភ្នែក បាននិយាយថា ភ្នែកខាងឆ្វេងដែលបានប្តូរមើលទៅមានសុខភាពល្អខ្លាំងណាស់។ វាមានការផ្គត់ផ្គង់ឈាមល្អ រក្សាសម្ពាធបានល្អ និង កំពុងបង្កើតសញ្ញាអគ្គិសនី បើទោះបីជាលោកជែមស៍មិនទាន់អាចមើលឃើញក៏ដោយ។ លោកស្រីបានបន្ថែមថា “ប៉ុន្តែយើងមានសង្ឃឹមច្រើន”៕