ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានណែនាំ និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយ ដែលក្រសួងផ្ដល់ជូន។ ការណែនាំរបស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងឈ្វេងយល់ពីគ្នាទៅវិញទៅមក និងតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត ។
លោករដ្ឋមន្ត្រី បានលើកឡើងថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ ម៉ឺននាក់ មានសារព័ត៌មានអនឡាញ ជិត ១ ០០០ ស្ថាប័ន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អង្គភាពសារព័ត៌មានអនឡាញទៀតនៅមិនទាន់ចុះបញ្ជី។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។
លោករដ្ឋមន្រ្ដី បានថ្លែងបន្តថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ លោករដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ដូច្នេះសម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនដែរថា Facebook នៅកម្ពុជាដែលប្រើឈ្មោះ Name Cambodia មានប្រមាណ១៥ លានគណនី Facebook, Tik Tok មានប្រមាណជិត ១០ លាន គណនី ដែលជាមូលដ្ឋាននៃការបញ្ជូនសារទៅឱ្យប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា ដោយសារតែមានការកើនឡើងនូវបណ្ដាញសង្គមនេះ សូមកុំឱ្យសាធារណជនមានការយល់ច្រឡំ រវាង អ្នកកាសែតអាជីព និងអ្នកកាសែតប្រជាជន ខណៈអ្នកកាសែត អ្នកយកព័ត៌មានអនឡាញដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ គឺមានការចុះបញ្ជី មានបណ្ណអ្នកកាសែត។ ចំណែកអ្នកកាសែតប្រជាជន គឺសំដៅលើអ្នកចូលចិត្តថតរូបភាព ចូលសរសេរ ចូលចិត្តផ្សព្វផ្សាយ តែមិនមែនជាអ្នកសារព័ត៌មានអាជីពនោះទេ ។
លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនផងដែរថា ក្រៅពីការគិតគូរ និងផ្តល់កិច្ច គាំពារដល់មន្ត្រី, ក្រសួងព័ត៌មានបានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដោយយល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ %។ លោកបន្ថែមថា ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន។ លោកក៏បានជំរុញដល់ ប្រធានសមាគមសារព័ត៌មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយក្រមសីលធម៌ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន។ លោករដ្ឋមន្រ្ដីបានចាត់ទុកអ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់ ៕