ភ្នំពេញ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការយ៉ាងដូច្នេះថា៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨នាក់ (ស្រី ៤៣ នាក់)។
លោកបណ្ឌិត គឹម សន្តិភាព បានថ្លែងគូសបញ្ជាក់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ រួមមានដូចខាងក្រោម៖
•ការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់)
•ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់)
- ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់)
- ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)
- ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)
•លើកលែងទោស ស្ត្រី០១ នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។
ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ - ឧក្រិដ្ឋជនគ្រឿងញៀន
- អំពើសាហាវយង់ឃ្នង
- ករណីមិនរាងចាល
- ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
- ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
- ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ - ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
- ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
- ជនរងគ្រោះជាសាច់សាលោហិត
- ករណីរំលោភបូក
- ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕