ភ្នំពេញ​៖ «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​» បញ្ចប់​ការទទួលប្រាក់​ត្រឹម​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះហើយ​។ រយៈពេល​៦៦​ថ្ងៃ មូលនិធិ​ទទួលបាន​ថវិកា​ពី​សប្បុរសជន​គ្រប់​ស្រទាប់វណ្ណៈ​ជិត​២៧​លាន​ដុល្លារ​អាមេរិក​។​កាលពី​ថ្ងៃទី​២២ សីហា ២០២៤​កន្លងទៅ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តេច​បង្កើត «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​» តប​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​បាន​ឱកាស​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ ជាពិសេស​ការកសាង​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​។​​ក្រោយ​ការបង្កើត​មូលនិធិ​នា​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់ទិសទី បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព​រប​ស់​ពួកគេ​ចូលរួម​ក្នុង​មូលនិធិ​នេះ​។​

​ក្នុង​រយៈពេល​៦៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ខែសីហា ដល់​ថ្ងៃទី​៣១ ខែតុលា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​សរុប ៧២០,១០៥​អង្គ​/​នាក់ ដោយបាន​ចូលរួម​បរិច្ចាគ និង​ទទួលបាន​ថវិកា​សរុប​ចំនួន ៣២,៩៥២,៤៤២,០៤៤​រៀល និង​ប្រាក់​ដុល្លា​អាមេរិក​សរុប​ចំនួន ១៨,៧២៩,៩៩៨ ដុល្លារ​អាមេរិក (​គិត​សរុប​ជា​ទឹកប្រាក់​ដុល្លារ​អាមេរិក​ស្មើ​ប្រមាណ ២៦,៩៦៧,៦០៩​ដុល្លារ​អាមេរិក​)​។​
​សម្តេច​មហា​បវរ​ធិបតី សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់ ចំពោះ​ការចូលរួមចំណែក​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ​។

សម្តេច​មហា​បវ​ធិបតី ចាត់ទុក​ការចូលរួម​នេះ គឺជា​វិភាគទាន​ដ៏​មានតម្លៃ​បំផុត និង​មិនអាច​កាត់ថ្លៃ​បានឡើយ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​អំពី​ទឹកចិត្ត​មនសិកា​ស្នេហា​ជាតិ​មាតុភូមិ​របស់​ជនរួមជាតិ ដែល​តែងតែ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបូជា​លះបង់​គ្រប់បែបយ៉ាង​ក្នុង​មហា​ចលនា​ជាតិ​ដើម្បី​បុព្វហេតុ​កសាង ការពារ និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន និង​ស្មារតី​នៃ​ខឿន​ការពារជាតិ​របស់​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។​

​សម្រាប់​ការប្រើ​ប​ប្រាស់​មូលនិធិ​នេះ សម្តេច​មហា​បវរ​ធិបតី ក៏បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ផងដែរ ដើម្បី​ធានា​ការគ្រប់គ្រង ប្រើប្រាស់​ថវិការ​បាន​ត្រឹមត្រូវ តម្លាភាព និង​ចំ​គោលដៅ​។​​គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​


​សូម​បញ្ជាក់ដែរថា​ទាក់ទង​ការកសាង​ផ្លូវ​នេះដែរ​ដោយមាន​ការអនុញ្ញាត​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ និង​លោក​វរសេនីយ៍ទោ ហឿង វិច្ឆិកា មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៣ បាន​ចុះ​ជួប​សួរសុខទុក្ខ​កងកម្លាំង​វិស្វកម្ម អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​មមាញឹក ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ចាប់ពី​ចំណុច​ប៉ុស្តិ៍​អូរ​យើ​លលេ​ខ ៤០៩ បង្គោល​លេខ​១០ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​តា​វែង ប៉ុស្តិ៍​៧០៧ ខាង​វៀតណាម​។​

​លោក​អនុសេនីយ៍ត្រី ទេព សុខ​ចាន់ ប្រធាន​ក្រុមទី​១ កង​លេខ​៧១៥ បាន​ប្រាប់​កាសែត​ឲ្យ​ដឹង​នៅ​កន្លែង​ការដ្ឋាន​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ ថា ក្រុម​លោក​មាន​កម្លាំង​៧​នាក់ ប្រើប្រាស់​គ្រឿងចក្រ​អា​អ៊ិ​ច​ចំនួន ៤​គ្រឿង និង​អា​ប៊ុល ១​គ្រឿង​។​​លោក​អនុសេនីយ៍ត្រី ទេព សុ​ចាន់ បានបញ្ជាក់​ទៀតថា គ្រឿងចក្រ​បញ្ជូន​មកកាន់​តំបន់​នេះ តាំង​ពីមុន​ថ្ងៃ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២៤​មក ប៉ុន្តែ​រដូវភ្លៀង​ជោគជាំ​មិនអាច​ដំណើរ​ការដ្ឋាន​បាន​នោះទេ​។ លុះ​ដល់ពេល​ដាច់ទឹក​ភ្លៀង ក្រុមការងារ​ចាប់ផ្តើម​មមាញឹក​បញ្ជា​គ្រឿងចក្រ​គិត​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ ជា​លទ្ធផល​ទទួលបាន​ប្រមាណ ១,៥០០​ម៉ែត្រ ១​គីឡូ​កន្លះ​។​

​លោក​អនុសេនីយ៍ត្រី ទេព សុខ​ចាន់ បានបញ្ជាក់​បន្ថែមទៀត​ថា មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ក្រុមការងារ​ស្ថាបនា​ផ្លូវ​នៅ​ចំណុច​បង្គោល​លេខ​១០ បាន​ជួបប្រទះ​ការលំបាក គឺ​ខាង​ភាគី​វៀតណាម​ដាក់​កម្លាំង​មក​តាមដាន​សកម្មភាព​កងវិស្វកម្ម​របស់​យើង​ជាប្រចាំ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *