ភ្នំពេញ៖​ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២៤​ នេះថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការបង្ក្រាបក្មេងទំនេីងពីរក្រុមសរុប១៨នាក់ក្រោយពួកគេបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែលក្រុមទី១មានរហស្សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងក្រុមទី២មានរហស្សនាមថាផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នា​ទៅវិញ​ទៅមក​លេីផ្លូវ​សាធារណៈ​ ដោយប្រើដំបង កាំបិតផ្គាក់ ដុំថ្ម នៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៤ វេលាម៉ោង ០៣​និង៣០នាទីទៀបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល២៥នាក់ (ធ្លាប់ធ្វើសកម្មភាពកាប់គ្នា០១លើកនៅក្រោយសណ្ឋាគារយូអេង ផ្លូវសហព័ន្ធរុស្សី ក្នុងអំឡុង(ខែកញ្ញា)ឃាត់ខ្លួនបានចំនួន១៤នាក់នៅសេសសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។ដោយឡែកក្រុមទី២ មានឈ្មោះ (ផ្ទះឡ ) មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន០២លើក។ឃាត់ខ្លួនបានចំនួន០៤នាក់ នៅសេសសល់មួយចំនួនទៀតកំពុងរត់គេចខ្លួន ។
​មូលហេតុក្រុមទាំង០២មានអំពើហិង្សា គឺមុនពេលកើតហេតុក្រុមទី១បានជិះម៉ូតូជាក្រុម ៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុក៏រោទ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឱ្យក្រុមទី២ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏មានការស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *