តាកែវ៖សពយុវជន៣នាក់ត្រូវបានរកឃើញនៅថ្ងៃទី៣តុលាបន្ទាប់ពីបាត់ខ្លួនដោយទឹកគួចយកទៅបាត់ជិត២៤ម៉ោង កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង១៥នាទី នៅចំណុចស្ពានកំពង់លៀស ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។a student die
សមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងថា៖គិតមកត្រឹមថ្ងៃត្រង់ទី០៣ខែតុលានេះ សពយុវជនដែលទឹកគួចបណ្តាលឲ្យលង់ស្លាប់ត្រូវបានរកឃើញ។សពជនរងគ្រោះទាំង៣នាក់នោះមានឈ្មោះ៖ ១ឈ្មោះ ជិន នូ អាយុ២២ឆ្នាំ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី២ ឈ្មោះ ម៉េង ហ៊ាង អាយុ២០ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ហេង មុន្នីហ៊ាង អាយុ២០ឆ្នាំ រស់នៅភូមិកោះតូច ឃុំពាមជីគង ស្រុកកងមាស ខេត្តកំពង់ចាម។ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុពួកជនរងគ្រោះដែលមានគ្នា៥នាក់បាននាំគ្នាចុះទៅលេងទឹក នៅចំណុចស្ពានកំពង់លៀសស្ថិតក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបានទឹកហូរគួចយកទៅបាត់ទាំង៣នាក់។
លុះព្រឹកឡើង ថ្ងៃទី០៣ខែឆ្នាំដដែល វេលាម៉ោង០៦ព្រឹក សមត្ថកិច្ចស្រុកព្រៃកប្បាស ដែលដឹកនាំកម្លាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក បានដឹកនាំកម្លាំង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា លោកមេភូមិ លោកមេឃុំ និងលោកគ្រូពេទ្យឃុំ បង្កើតជាគណៈកម្មការធ្វើការពិនិត្យនិងសន្និដ្ឋានថាជនរងគ្រោះពិតជា បានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ប្រភព មាតុភូមិ