ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ពីនេះទៅមុខ រដ្ឋាភិបាលនឹងមិននៅស្ងៀមនោះទេ ពោលគឺយើងនឹងខិតខំសាងសង់ និងកែលម្អបន្ថែមទៀត។ ជាមួយគ្នានេះអ្វីដែលមានស្រាប់ យើងនឹងខិតខំថែរក្សា ថែទាំ ដើម្បីឱ្យប្រើប្រាស់ឱ្យបានយូរ ហើយបើមិនទាន់គ្រប់ស្តង់ដារទេ យើងត្រូវខិតខំពង្រីក និងពង្រឹងបន្ថែម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ត ៖ ក្នុងអណត្តិទី ៧ នេះ រដ្ឋាភិបាលនឹងបន្តជំរុញគម្រោងវិនិយោគធំៗ ទាំងតាមរយៈការប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ព្រមទាំងឥណទានមួយចំនួនទៀត ដើម្បីយកមកបម្រើដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់សសៃឈាមរបស់យើង និងឱ្យសសៃឈាមទាំងនេះ កាន់តែរីកធំធាត់ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា អាទិភាពសំខាន់បំផុតគឺពង្រឹងផ្លូវដែកខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខាងត្បូង (ភ្នំពេញ តាកែវ កំពត ព្រះសីហនុ)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអិបតីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្តាមទៅដល់បាត់ដំបងប្រវែងសរុប ២៤៦,១៥គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែង ៣៥,១៤ គ.ម» នាព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ៖ ផ្លូវជាតិលេខ៥ ប្រវែងសរុបជាង ៣៣០គីឡូម៉ែត្រ ត្រូវបានធ្វើឱ្យប្រសើរឡើងវិញក្នុងរយៈពេល ៧ឆ្នាំ ដោយប្រើថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងក្នុងមហាអនុតំបន់មេគង្គ (GMS) និងក្នុងតំបន់អាស៊ានផងដែរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងឱ្យដឹងថា ៖ កម្ពុជាត្រូវបានរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ លោកបន្តថា ផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភ្នំពេញ ទៅប្រទេសវៀតណាមនិងថៃ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់សម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងតំបន់ និងជួយសម្រួលដល់ការផ្លាស់ប្តូរធនធានមនុស្ស និងសម្ភារ ក៏ដូចជាទំនិញផ្សេងៗឱ្យកាន់តែរលូនជាមួយនឹងប្រទេសថៃ និងវៀតណាម។
លោកបន្តថា ៖ ផ្លូវជាតិលេខ៥នេះ នឹងរួមចំណែកឱ្យកម្ពុជាក្លាយជាគោលដៅស័ក្តិសមសម្រាប់ការវិនិយោគឯកជន និងជួយគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ពលរដ្ឋនៅប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នេះ គឺជានិមិត្តរូបនៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។ សម្តេចធិបតីរំពឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រក្នុងការកសាង និងការអភិវឌ្ឍនៅកម្ពុជាជាបន្តទៀត ខណៈឆ្នាំនេះខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន៕