ខេត្តក្រចេះ ៖ មានមនុស្ស ៣នាក់ បានស្លាប់ និង២នាក់ទៀតត្រូវបានរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលជនរងគ្រោះទាំង ៥នាក់បានជិះទូករួមគ្នាដឹកកសិផលដំឡូងមីពីចម្ការមកផ្ទះហើយក៏បានជួបឧបសគ្គខ្យល់បក់បោកខ្លាំងមានទឹករលកធំៗបក់រុញច្រានទូកបណ្តាលឱ្យលិចលង់នៅកណ្តាលផ្ទៃទឹកបឹងនោះតែម្តង។
ហេតុការណ៍ខ្យល់បក់បោកបណ្តាលឱ្យលិចទូកដឹកដំឡូងមីនោះបានកើតឡើងនៅវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
នៅក្នុងឧបទ្ទវហេតុនោះដែរគេឃើញមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមទាំងអាជ្ញាធរមូលដ្ឋានបានសហការរួមគ្នា ប្រើប្រាស់ទូក ៧គ្រឿង ដើម្បីចុះរុករក និងជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទាំង ៥នាក់ដែលត្រូវបានលិចបាត់ទៅក្នុងផ្ទៃទឹកបឹងនោះ។
នៅខណៈនោះ ដែរដំបូងកម្លាំងសមត្ថកិច្ចបានរកឃើញសាកសព ចំនួន២នាក់ហើយក៏បន្តរុករក ឃើញមនុស្ស២នាក់ទៀតក៏ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលានៅបាត់ខ្លួនម្នាក់ទៀតនៅឡើយ។
សាកសពជនរងគ្រោះដែលត្រូវបានរកឃើញនោះសមត្ថកិច្ចក៏បានស្រង់ចេញពីផ្ទៃទឹកបឹងនៅវេលារសៀលថ្ងៃដដែលនោះ មានចំនួន ២នាក់ទី ១.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ ២៤ឆ្នាំ និងទី២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា លុះដល់ថ្ងៃបន្ទាប់វេលាម៉ោង៨ព្រឹក ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៤នេះ សាកសពបុរសម្នាក់ទៀតក៏ត្រូវបានរកឃើញ មានឈ្មោះ បាវ ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
អ្នកបើកបរទូកបានប្រាប់សមត្ថកិច្ចថា នៅក្នុងហេតុការណ៍នោះ មូលហេតុដែលបណ្តាលឲ្យលិចទូកដឹកដំឡូងមីនេះ គឺបណ្តាលមកពីមានខ្យល់បក់បោកមកខ្លាំង និងមានទឹករលកធំៗ វាយរុញច្រានទូកឱ្យលិច នៅក្នុងពេលនោះតែម្តង។
សាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕