ខេត្តក្រចេះ ៖ របាំងព្រួលស្បៃមុង ចំនួន១៧ខ្សែ មានប្រវែង ៩៥០ ម៉ែត្រ លូស្បៃមុងចំនួន១៩មាត់លូ របាំងលបណរ៉ាវ ០២ខ្សែ មានប្រវែង១៤០ម៉ែត្រ លបណរ៉ាវ (លបកាវ) ០៤គ្រឿង បង្គោលចម្រឹងប្ញស្សី ២៦០ដើមត្រូវបានខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្រាប។
ការចុះបង្ក្រាបបទល្មើសនេសាទនេះមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវត្រីពងកូន រឹបអូសឧបករណ៍ល្មើសច្បាប់បានជាច្រើនប្រភេទនិងដុតបំផ្លាញចោល។
ក្នុងការចុះបង្ក្រាបនេះក៏បានចាក់លែងកូនត្រីចម្រុះជាង១០០គីឡូក្រាមចូលក្នុងបឹងធម្មជាតិ។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់រកាកណ្តាល និងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឱ្យដឹងថា មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានរួមគ្នាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងរំលាច ដែលស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល និងសង្កាត់អូរឫស្សី នៃក្រុងក្រចេះ បានរកឃើញការប្រើប្រាស់ នូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលក្រុមជនខិលខូចបានប្រើប្រាស់ និងយកទៅដាក់នៅចំណុចទីតាំងបឹងខាងលើដើម្បីចាប់ត្រីនៅក្នុងរដូវហាមឃាត់។
លោក ម៉ុក ពន្លក បានបន្តថា ខណៈនោះ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុង ចំនួន១៧ខ្សែ មានប្រវែង ៩៥០ ម៉ែត្រ លូស្បៃមុងចំនួន ១៩មាត់លូ របាំងលបណរ៉ាវ ០២ខ្សែ មានប្រវែង ១៤០ម៉ែត្រ លបណរ៉ាវ (លបកាវ) ០៤គ្រឿង បង្គោលចម្រឹងប្ញស្សី ២៦០ដើម និងបានចាក់លែងត្រីចម្រុះមានទម្ងន់ប្រមាណ ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ដើម្បីធានានិរន្តរភាពពូជត្រីផងដែរ៕