ភ្នំពេញ៖ នារីម្នាក់បានបើកបររថយន្តសេរីទំនើបម៉ាកបេអឹមដាប់បឹលយូ(BMW) ពាក់ស្លាកលេខ កម្ពុជា LM.8878 បុករះម៉ូតូចំនួន ២គ្រឿង បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន លេខ៥៧ កែងផ្លូវលេខ២៨២ ក្នុងមូលដ្ឋាននៃសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីអ្នករត់កង់បីឥណ្ឌានៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគាត់បានឭសម្លេងរថយន្ត ២គ្រឿង កំពុងប្រដេញគ្នាតាមបណ្តោយផ្លូវលេខ២៨២ ទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។ ភ្លាមៗនោះគាត់បានឃើញជនរងគ្រោះទាំង ៣នាក់ ជិះម៉ូតូ២គ្រឿង ដោយ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-4626 ជិះដោយបុរសម្នាក់ និង១គ្រឿងទៀតម៉ាក SCOOPY ពណ៌ទឹកប៊ិច ពាក់ស្លាកលេខតាកែវ 1Z-7776 ជិះដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត។
ក្នុងករណីនេះ ម៉ូតូទាំងពីរគ្រឿងធ្វើដំណើរពីផ្លូវលេខ៥៧ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ក៏ស្រាប់តែឃើញរថយន្ត ២គ្រឿង ប្រដេញគ្នានោះបើកឆ្លងផ្លូវបំបែកដោយមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូទាំង ២គ្រឿង ខ្ទាតចែកផ្លូវគ្នា ដោយ១គ្រឿងខ្ទាតទៅកែងផ្លូវក្បែរម៉ាត១កន្លែង ចំណែកម៉ូតូ SCOOPY ខ្ទាតទៅបុកធ្លុះរបងស័ង្កសីនៃដីឡូតិ៍១កន្លែង រងការខូចខាត ។ចំណែករថយន្ត១គ្រឿងបានបើករត់គេចបាត់ នៅសល់តែរថយន្តសេរីទំនើបម៉ាក BMW i8 ពណ៌សលាយខៀវ ពាក់ស្លាកលេខ កម្ពុជា LM.8878។
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តយនារីខាងលើ មាននារីម្នាក់បានរងរបួសជើងធ្ងន់ខ្លាំង។ ចំណែកបុរស២នាក់ទៀតរងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅកាន់រថយន្តសាម៉ុយដើម្បីយកមនុស្សទៅសង្គ្រោះ។ បន្ទាប់មកសមត្ថកិច្ចបានមកដល់ក៏ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តដែលជាមនុស្សស្រី និងបុរសម្នាក់រួមដំណើរជាមួយទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីធ្វើការសាកសួរនាំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង និងយករថយន្តបង្ក ព្រមទាំងម៉ូតូរងគ្រោះទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕mp