បន្ទាយមានជ័យ៖ជនសង្ស័យជនជាតិថៃ ៥នាក់ត្រូវប៉េអឹមបន្ទាយមានជយ័ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ដឹកជញ្ជូនជួញដូរ រក្សាទុកគ្រឿងញៀនសរុបជាង៧៣គីឡូក្រាម(៧៣,៨០៦,១០ក្រាម) និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធ គ្មានច្បាប់។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់រួមមាន ១.ឈ្មោះ វីរ៉ាឆៃ មីស៊ិន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE)ចំនួន ៧១កញ្ចាប់ ទម្ងន់ ៧៣,៦៧៥ក្រាម ,គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (ហេរ៉ូឣុីន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧៤៨,២០ក្រាម, និងកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន០៦កាបូប។
២.ឈ្មោះ ចាក់កាក់ផាន់ ផូស៊ីហៅ ប៉ុក ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ១៣១,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌បៃតង ០១ថង់កិប ស្មើនឹង ៤០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ,ថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច ចំនួន០១ថង់កិប ស្មើនឹង ៣៣២គ្រាប់ ទម្ងន់ ៧,៨០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌ផ្កាឈូក(ឣុិចស្តាសុី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(ឣ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១,៥០ក្រាម, គ្រាប់ថ្នាំបន្ទះពណ៌ក្រហម(Erimin5) ចំនួន០២បន្ទះ ស្មើនឹង ១២គ្រាប់ ទម្ងន់ ៤,៧៥ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស(កេតាមុីន)ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៨ក្រាម, កញ្ឆាក្រៀមចំនួន ០១ថង់កិប ទម្ងន់ ៧៥,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
៣.ឈ្មោះ រ៉ាក់សាន់ ផុងសឿ ហៅ ឣូរ ភេទប្រុស ឣាយុ៣៣ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង មានកាបូប ស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១ មានកាំភ្លើងខ្លី ចំនួន០១ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមានបង់ចំនួន០២ គ្រាប់ចំនួន ១៩គ្រាប់(ជាឣ្នកដឹកជញ្ជូន), ៤.ឈ្មោះ ប្រាគីត សាមីផាក់ ហៅ គីត ភេទប្រុស ឣាយុ៣៨ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) ៥.ឈ្មោះ ព្រីឆា យឺនយ៉ុង ហៅ ឃីវ ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុង ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០៥នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតពិតប្រាកដមែន។
ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុងតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធី៕