ប្រទេសបារាំង៖ ប្រទេសបារាំងមាននាយករដ្ឋមន្ត្រីថ្មីហើយ ក្រោយពីអតីតប្រមុខរដ្ឋាភិបាលវ័យក្មេងលោក ហ្កាប្រ៊ីយែល អាតតាល់ បានលាចុះពីតំណែង។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចចិត្តតែងតាំង លោក មីស្ហែល បាញេ ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ដើម្បីឲ្យរៀបចំគណៈរដ្ឋមន្ត្រី និងដឹកនាំរដ្ឋាភិបាល ដើម្បីបម្រើផល ប្រយោជន៍ជាតិ។ក្រឹត្យប្រធានាធិបតីបារាំង ចុះថ្ងៃព្រហស្បតិ៍ ទី៥កញ្ញា បានតម្រូវឲ្យអ្នកនយោបាយស្តាំនិយម មីស្ហែល បាញេ រៀបចំសមាជិករដ្ឋាភិបាល និងប្រមូលផ្តុំគ្នាធ្វើការឲ្យស្រុះស្រួលគ្នា ដើម្បីបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិបារាំង។ តើប្រមុខរដ្ឋាភិបាលបារាំងថ្មីមានប្រវត្តិនយោបាយបែបណា? ។ក្នុងវ័យ ៧៣ ឆ្នាំ លោក មីស្ហែល បាញេ បានក្លាយជានាយករដ្ឋមន្ត្រីចាស់ជាងគេ នៅក្នុងប្រវត្តិសាស្ត្ររបបសាធារណរដ្ឋបារាំងទី៥ ដែលត្រូវមកជំនួយតំណែងនាយករដ្ឋមន្ត្រីក្មេងជាងគេ លោក ហ្កាប្រ៊ីយែល អាតតាល់ អាយុ៣៥ឆ្នាំ។
ជាជនស្តាំនិយម លោកមីស្ហែល បាញេជាអ្នកនយោបាយចាស់វស្សា ធ្លាប់បានធ្វើជារដ្ឋមន្ត្រីច្រើនដងរួចមកហើយ។ លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចការអឺរ៉ុប នៅជំនាន់អតីតប្រធានាធិបតី ហ្សាក់ ស្ហ៊ីរាក់ ហើយនិងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងសម័យដឹកនាំរបស់អតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី។ប្រការដែលលោកប្រធានាធិបតីបារាំងជ្រើសរើស លោក មីស្ហែល បាញេ ឲ្យដឹកនាំរដ្ឋាភិបាល ក៏ព្រោះតែលោក ម៉ាក្រុង សង្ឃឹមទៅលើសមត្ថភាពចរចារបស់បុរសមានថ្វីមាត់ មីស្ហែល បាញេ រូបនេះក្នុងពេលដែលនយោបាយបារាំង កំពុងតែប្រេះឆាបែកបាក់ និង ប្រទាញប្រទង់គ្នាខ្លាំង។
សូមបញ្ជាក់ថាគណបក្សកាន់អំណាចរបស់លោក ម៉ាក្រុង គ្មានសំឡេងភាគច្រើននៅរដ្ឋសភា នោះទេ។ ដូច្នេះ សេចក្តីព្រាងច្បាប់និងសកម្មភាពរបស់រដ្ឋាភិបាល អាចនឹងត្រូវរងសម្ពាធគ្រប់ជំហាន ពីសំណាក់បណ្តាសមាជិកសភា នៃ ក្រុមបក្សសម្ព័ន្ធឆ្វេងនិយម ឬ ក្រុមសម្ព័ន្ធបក្សស្តាំនិយម។ចឹង ប្រមុខរដ្ឋបារាំងមានតែត្រូវពឹងលើសមត្ថភាពសម្រុះសម្រួល និងទេពកោសល្យចរចារបស់អ្នកនយោបាយជើងចាស់ មីស្ហែល បាញេដែល ធ្លាប់បានធ្វើជាអតីតប្រធានស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកចរចា ក្នុងសំណុំរឿងអង់គ្លេសដកខ្លួនចេញសហគមន៍ពីអឺរ៉ុប ដែលជាសំណុំរឿងដ៏ធំ ស្មុគស្មាញខ្លាំង មិនធ្លាប់ជួបសោះ ក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។
ក្រោយពីទទួលដំណឹងតែងតាំងលោក មីស្ហែល បាញេ ភ្លាម, អ្វីដែលគួរឲ្យកត់សម្គាល់ លោកស្រី ម៉ារីន ឡឺប៉ែន ថ្នាក់ដឹកនាំដ៏សំខាន់មួយរូបនៃចលនាជាតិនិយមជ្រុល បែរជាបានកោតសរសើរថា លោក មីស្ហែល បាញេ ជាអ្នកនយោបាយម្នាក់គួរឲ្យគោរពនៅចំពោះមុខកម្លាំងចលនានយោបាយចម្រុះផ្សេងៗជាច្រើន ហើយលោកក៏អាចប្រាស្រ័យទាក់ទងជាមួយបក្សជាតិនិយម របស់លោកស្រី ម៉ារីន ឡឺប៉ែន បានផង។
ឯ អ្នកនយោបាយឆ្វេងនិយមជ្រុល បុរមាត់ឆៅ ហ្សង់លុច មេឡង់ស្ហុង បានរិះគន់ខ្លាំង ចំពោះអតីតកាលរបស់លោក មីស្ហែល បាញេ។ ដ្បិតថា កាលពីនៅជាអ្នកតំណាងរាស្ត្រ ប្រមាណវ័យ៣០ឆ្នាំ (ឆ្នាំ១៩៨១) លោក មីស្ហែល បាញេ បានបោះឆ្នោះបដិសេធការលើកលែងទោសឧក្រិដ្ឋចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ថ្លែងសុន្ទរកថាលើកដំបូង នៅខាងមុខការិយាល័យនាយករដ្ឋមន្ត្រី Matignon លោកបាញេ( Barnier) គូសបញ្ជាក់ថា «បារាំង…. ថ្ងៃនេះត្រូវការ និងគួរបង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការគោរព ការរួបរួម និងដោះស្រាយគ្នា»។